ប្រធានសហព័ន្ធវ៉ូវីណាមថា ការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី លើសពីការប្រកួត ក៏ផ្ដោតការផ្សព្វផ្សាយពីកម្ពុជា
02-07-2026 09:38
(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានគូសបញ្ជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី មិនមែនផ្ដោតតែលើលទ្ធផលបច្ចេកទេស និងការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ និងសក្តានុពលដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់បណ្ដាប្រទេសចូលរួមទាំងអស់ផងដែរ។
ការគូសបញ្ជាក់នេះធ្វើឡើងក្រោយសហព័ន្ធបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសណ្ឋាគារ សាន់វ៉េភ្នំពេញ លើភាពជាដៃគូផ្លូវការផ្នែកបដិសណ្ឋារកិច្ច សម្រាប់ត្រៀមទទួលស្វាគមន៍គណៈប្រតិភូ អត្តពលិកជាតិ-អន្តរជាតិ និងមន្ដ្រីបច្ចេកទេស ដែលត្រូវចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាម ជើងឯកទ្វីបអាស៊ី លើកទី៦ នៅកម្ពុជា នាខែវិច្ឆិកា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
លោកថា កិច្ចសហការនេះ ពិតជាសំខាន់ដែលមិនត្រឹមជួយសម្រួលដល់ការចំណាយ និងផ្ដល់ភាពកក់ក្ដៅដល់ការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាគ្រប់បណ្ដាប្រទេសនោះទេ តែថែមទាំងជាឱកាសផ្សព្វផ្សាយពីកម្ពុជា ព្រោះកន្លែងស្នាក់នៅនេះ នៅជាប់នឹងរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ និងតំបន់ទេសចរណ៍ជាច្រើន នៅកណ្ដាលរាជធានីភ្នំពេញ ដែលប្រតិភូ និងអត្តពលិកអាចដើរលេងកម្សាន្ដ ក្រោយបញ្ចប់ការប្រកួតរបស់ខ្លួន។
ជាមួយការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនេះដែរ សហព័ន្ធបាននឹងកំពុងខិតខំយ៉ាងសកម្ម ដើម្បីស្វែងរកការគាំទ្រពីវិស័យឯកជន និងកំពុងទទួលការគាំទ្រជាបន្ដបន្ទាប់។ ក្នុងន័យនេះលោកសង្ឃឹមថា នឹងជំរុញឲ្យព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលគ្រោងដំណើរការប្រកួតពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ទាំងការទទួលបដិសណ្ឋារកិច្ច និងការប្រកួតប្រជែងមេដាយក្នុងនាមម្ចាស់ផ្ទះ។
លោក អ៊ូ រតនា បានបន្ដទៀតថា ក្រោយការជូនដំណឹងពីបទបញ្ជាការប្រកួត និងការចុះឈ្មោះ មានបណ្ដាប្រទេសជាច្រើនបានចាប់អារម្មណ៍ ហើយមានប្រទេសមួយចំនួនបាននឹងធ្វើការចុះឈ្មោះជាបណ្ដើរៗ ហើយប្រទេសមួយចំនួន កំពុងពិនិត្យអត្តពលិករបស់ខ្លួនត្រៀមចូលរួម។ ជាក្ដីរំពឹងលោកសង្ឃឹមថា ការប្រកួតជើងឯកអាស៊ី លើកទី៦ នៅកម្ពុជា នឹងមានអត្តពលិកចូលរួមមិនក្រោម ២០ប្រទេសឡើយ មុនឈានដល់ការបិទឈប់ចុះឈ្មោះនាចុងខែសីហាខាងមុខ៕








