ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខ ប្រកបដោយចីរភាព

02-07-2026 09:55

(ភ្នំពេញ)៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ ស៊ីអាយអិមប៊ី) បានសម្ពោធមូលនិធិបង្វិល សម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដែលជាផលិតផលឥណទាន ក្រោមកិច្ចសហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហគ្រាសធំៗ ក្នុងការវិនិយោគ លើបច្ចេកវិទ្យាសន្សំសំចៃថាមពល បង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយចំណាយប្រតិបត្តិការ ក៏ដូចជារួមចំណែកជំរុញការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព។

ខណៈដែលកំពុងប្រឈមនឹងការកើនឡើង នៃតម្លៃថាមពល និងសម្ពាធកាន់តែខ្លាំង ក្នុងការបង្កើនប្រសិទ្ធភាព នៃប្រតិបត្តិការអាជីវកម្ម ការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងដំណើរការអាជីវកម្ម បានក្លាយជាកត្តាសំខាន់ សម្រាប់ភាពរីកចម្រើន ក្នុងរយៈពេលវែង។ ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ដល់អតិថិជនសហគ្រាស ក្នុងវិស័យផលិតកម្ម អគារពាណិជ្ជកម្ម បដិសណ្ឋារកិច្ច កសិកម្ម និងវិស័យផ្សេងៗ ក្នុងការវិនិយោគ លើគ្រឿងបរិក្ខារទំនើបៗ ដូចជាម៉ូទ័រ គ្រឿងចក្រ ឧបករណ៍ផលិតកម្ម ប្រព័ន្ធកំដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ (HVAC) ប្រព័ន្ធភ្លើង LED ក៏ដូចជាបច្ចេកវិទ្យាផ្សេងៗ ដែលជួយបង្កើនប្រសិទ្ធភាព និងសន្សំសំចៃ ពីការប្រើប្រាស់ថាមពល ព្រមទាំងពង្រឹងភាពប្រកួតប្រជែងយូរអង្វែង។

សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហគ្រាសធំៗ អាចស្នើសុំឥណទានប្រសិទ្ធភាពថាមពល រហូតដល់ ១លានដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ត្រឹមតែ ៥.៥% ក្នុងមួយឆ្នាំ រួមទាំងរយៈពេលឥណទានរហូតដល់ ១០ឆ្នាំ ហើយជាពិសេសពុំមានគិតកម្រៃសេវាឥណទានឡើយ។ មិនតែប៉ុណ្ណោះ ធនាគារ CIMB ផ្តល់ជូនលក្ខខណ្ឌអនុគ្រោះ សម្រាប់សហគ្រាស ដែលដឹកនាំដោយស្ត្រី ខណៈដែលអតិថិជនអាចស្នើសុំឥណទាន ដោយមិនចាំបាច់មានទ្រព្យបញ្ចាំទៀតផង ដែលនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងការជំរុញការទទួលបានឥណទាន ផ្នែកចីរភាព សម្រាប់អតិថិជន។

នាឱកាសនោះដែរ លោក ហេង វុទ្ធី ប្រធាននាយកប្រតិបត្តិស្តីទី នៃធនាគារ ស៊ីអាយអិមប៊ី បានបញ្ជាក់ថា៖ «នៅធនាគារ ស៊ីអាយអិមប៊ី គោលបំណងស្នូលរបស់យើង គឺជួយជំរុញភាពរីកចម្រើន ដល់អតិថិជន និងសង្គមជាតិ ហើយយើងយល់ថា ឥណទានប្រសិទ្ធភាពថាមពលនេះ គឺជាកត្តាជំរុញដោយផ្ទាល់ ដល់ភាពរីកចម្រើនអាជីវកម្មរបស់អតិថិជន។ តាមរយៈមូលនិធិបង្វិល សម្រាប់ប្រសិទ្ធភាពថាមពលនេះ យើងនឹងផ្តល់ដើមទុន តាមតម្រូវការ ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើទំនើបកម្មប្រតិបត្តិការ កាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រឹងសមត្ថភាពប្រកួតប្រជែងខ្ពស់។ នេះមិនត្រឹមតែជាការកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថានប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់អាជីវកម្ម នៅប្រទេសកម្ពុជា ឲ្យសម្រេចបានប្រាក់ចំណេញខ្ពស់ ព្រមទាំងកសាងភាពជោគជ័យ នៃអាជីវកម្ម ក្នុងរយៈពេលវែងផងដែរ»

ជាមួយគ្នានេះ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ដថា៖ «មូលនិធិបង្វិល សម្រាប់ប្រសិទ្ធភាពថាមពល គឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយ បំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្ត ដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នេះគឺជាគំនិតផ្តួចផ្តើម ដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលរងផលប៉ះពាល់នៃជម្លោះ នៅមជ្ឈិមបូព៌ា មកលើសន្តិសុខថាមពល។ តាមរយៈការជំរុញកិច្ចសហការ រវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរគរការវិនិយោគ ពីវិស័យឯកជនកាន់តែច្រើន លើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវ សម្រាប់សេដ្ឋកិច្ច ប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និងភាពធន់»

សូមជម្រាបដែរ ការដាក់ឱ្យដំណើរការមូលនិធិទុនបង្វិល សម្រាប់ប្រសិទ្ធភាពថាមពលនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងការពង្រីកការផ្តល់ឥណទាន ប្រកបដោយចីរភាព ដែលជួយអាជីវកម្ម ក្នុងការបង្កើនផលិតភាព កាត់បន្ថយការប្រើប្រាស់ថាមពល ពង្រឹងភាពធន់ និងរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម អំពីឥណទានប្រសិទ្ធភាពថាមពលរបស់ធនាគារ ស៊ីអាយអិមប៊ី សូមអញ្ជើញមកកាន់សាខាធនាគារ ស៊ីអាយអិមប៊ី ដែលនៅជិតលោកអ្នក ឬទាក់ទងមកកាន់លេខទូរសព្ទ ០៨៧ ៩៨៨ ៣៩៨ ឬ ០២៣ ៩៨៨ ៣៨៨។ ជាមួយនឹងប្រតិបត្តិការអាជីវកម្មជាង ១៦ឆ្នាំ ក្នុងប្រទេសកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី បានកសាងគ្រឹះយ៉ាងរឹងមាំ ក្នុងនាមជាដៃគូហិរញ្ញវត្ថុដ៏ជឿជាក់មួយ ដែលជួយជំរុញភាពរីកចម្រើន ដល់អតិថិជន និងសង្គមជាតិ។ ធនាគារ ស៊ីអាយអិមប៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ជាមួយនឹងកេរដំណែល នៃប្រតិបត្តិការធនាគារលើស ១០០ឆ្នាំ និងវត្តមានរឹងមាំ ក្នុងតំបន់៕