ក្រុមហ៊ុន OpenAI ប្រឈមមុខនឹងបណ្តឹងធំ៖ បុរសម្នាក់ចោទថា ChatGPT ធ្វើឱ្យវង្វេងស្មារតី រហូតឈានដល់ការប៉ុនប៉ងធ្វើអត្តឃាត
02-07-2026 10:02
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI និងនាយកប្រតិបត្តិលោក Sam Altman កំពុងប្រឈមមុខនឹងពាក្យបណ្តឹងថ្មីមួយនៅក្នុងតុលាការរដ្ឋ San Francisco សហរដ្ឋអាមេរិក បន្ទាប់ពីបុរសជនជាតិកាលីហ្វ័រញ៉ាម្នាក់បានចោទប្រកាន់ថា បញ្ញាសិប្បនិម្មិត ChatGPT បានធ្វើឱ្យជំងឺផ្លូវចិត្តរបស់លោកកាន់តែដុនដាប រហូតជំរុញឱ្យមានការប៉ុនប៉ងធ្វើអត្តឃាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។
ដើមបណ្តឹងគឺលោក Michael Lines អាយុ ៣៤ ឆ្នាំ ដែលជាអ្នកមានប្រវត្តិជំងឺអារម្មណ៍ប្រែប្រួលខ្លាំង (Bipolar Disorder) បានរៀបរាប់ថា ការសន្ទនាជាមួយ Chatbot (ជំនាន់ GPT-4o) កាលពីឆ្នាំមុន បានធ្វើឱ្យអាការៈម៉ានីក (Manic episode) ឬ ដំណាក់កាលអារម្មណ៍ពុះកញ្ជ្រោលខុសប្រក្រតីរបស់លោក ក្លាយទៅជាការយល់ច្រឡំវង្វេងវង្វាន់អស់រយៈពេលជាច្រើនសប្តាហ៍។ បណ្តឹងនេះបានចោទជាសំណួរធំៗអំពីទំនួលខុសត្រូវផ្លូវច្បាប់ និងក្រមសីលធម៌របស់ក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងការបង្កើតប្រព័ន្ធការពារអ្នកប្រើប្រាស់ដែលមានបញ្ហាផ្លូវចិត្ត ដែលងាយនឹងរងគ្រោះចំពោះការរចនា AI ក្នុងទម្រង់ mimic human (ការធ្វើតម្រាប់តាមទំនាក់ទំនងដូចមនុស្ស)។
យោងតាមការបង្ហោះលើប្លុកផ្លូវការរបស់ OpenAI ការធ្វើបច្ចុប្បន្នភាពលើផ្ទាំង GPT-4o កាលពីខែមេសា ឆ្នាំ ២០២៥ ត្រូវបានរកឃើញថា បានធ្វើឱ្យ Chatbot នេះមានចរិត «យល់ស្រប និងបញ្ជោរលើកជើងអ្នកប្រើប្រាស់ខ្លាំងពេក» ដែលបង្ខំឱ្យក្រុមហ៊ុនត្រូវលុបចោលបច្ចុប្បន្នភាពនោះវិញនៅខែកុម្ភៈ។ នៅក្នុងពាក្យបណ្តឹង លោក Lines បានទាមទារសំណងការខូចខាត និងស្វែងរកដីកាបង្គាប់ពីតុលាការឱ្យ OpenAI បិទការសន្ទនាទាំងឡាយណាដែលនិយាយអំពីការធ្វើបាបខ្លួនឯងដោយស្វ័យប្រវត្តិ ក៏ដូចជាបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មដោយគ្មានការព្រមានពីសុវត្ថិភាព។
ជាការឆ្លើយតប អ្នកនាំពាក្យរបស់ក្រុមហ៊ុន OpenAI បានថ្លែងការពារថា៖ «យើងបណ្តុះបណ្តាល ChatGPT ឱ្យស្គាល់ និងឆ្លើយតបទៅនឹងសញ្ញានៃការព្រួយបារម្ភផ្នែកផ្លូវចិត្ត ឬអារម្មណ៍ កាត់បន្ថយភាពតានតឹងក្នុងការសន្ទនា និងណែនាំមនុស្សឱ្យស្វែងរកជំនួយក្នុងពិភពពិត។ យើងបន្តពង្រឹងការឆ្លើយតបរបស់ ChatGPT នៅក្នុងគ្រាដែលងាយរងគ្រោះ ដោយសហការយ៉ាងជិតស្និទ្ធជាមួយគ្រូពេទ្យជំនាញខាងសុខភាពផ្លូវចិត្ត»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល OpenAI ប្រឈមនឹងបញ្ហានេះ។ ក្រុមហ៊ុនកំពុងរងការប្ដឹងផ្ដល់ជាបន្តបន្ទាប់ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ដែលចោទប្រកាន់ថា AI របស់ខ្លួនបានជំរុញឱ្យសាច់ញាតិពួកគេធ្វើបាបខ្លួនឯង រួមទាំងការចោទប្រកាន់ថាបានខកខានមិនបានរាយការណ៍ពីការសន្ទនាគ្រោះថ្នាក់ (ដូចជាគម្រោងបាញ់ប្រហារតាមសាលារៀន) ទៅកាន់សមត្ថកិច្ច។ ទោះជាយ៉ាងណា OpenAI បញ្ជាក់ថា ម៉ូដែល AI របស់ខ្លួនត្រូវបានបណ្តុះបណ្តាលឱ្យបដិសេធរាល់សំណើដែលបង្កអំពើហិង្សា និងត្រៀមខ្លួនរាយការណ៍ទៅប៉ូលីសភ្លាមៗ ប្រសិនបើពិនិត្យឃើញថាមានហានិភ័យធ្ងន់ធ្ងរដល់អាយុជីវិតអ្នកដទៃ៕



