អគ្គនាយកក្រុមហ៊ុន «ខ្មែរ ប៊ែវើរីជីស» លោក អ៊ឹង វីរៈ ប្រគល់ប្រាក់ឧបត្ថម្ភ ៥០លានរៀល ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា «U19» ដើម្បីជាការលើកទឹកចិត្ត និងជំរុញសមត្ថភាពបន្ថែម
02-07-2026 11:19
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ជូនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U19 ដើម្បីជាលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនរាថយរបស់ក្រុម រហូតឈានចូលវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ នៃការប្រកួតជើងឯក ASEAN U19 CHAMPIONSHIP 2026 ហើយពិធីប្រគល់ថវិកាឧបត្ថម្ភនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Sport Center 271។
ក្នុងឱកាសដ៏សំខាន់នេះ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមប្រគល់ប្រាក់ឧបត្ថម្ភដោយផ្ទាល់ ជូនដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ថែមទាំងបានកោតសរសើរ ចំពោះស្មារតីតស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែងអស់ពីកម្លំាងកាយ និងកម្លាំងចិត្តរបស់កីឡាករគ្រប់ៗរូប។
បន្ថែមពីលើនេះ លោកអគ្គនាយកបន្តវេនវ័យក្មេងរូបនេះ ក៏បានលើកទឹកចិត្តឱ្យក្រុមកីឡាករបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាព និងរក្សាឆន្ទៈតស៊ូឱ្យរឹងមាំ ព្រោះការប្រកួតតែងតែមានឈ្នះ និងចាញ់ ប៉ុន្តែបទពិសោធន៍លើទីលាន គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការដុសខាត់យុទ្ធសាស្ត្រ និងអភិវឌ្ឍន៍សមត្ថភាព ដើម្បីសម្រេចបានសមិទ្ធផលកាន់តែប្រសើរ ជូនជាតិមាតុភូមិនាពេលអនាគត។
ការចូលរួមរបស់ CAMBODIA LITE ក្នុងការឧបត្ថម្ភលើកនេះ បង្ហាញពីការប្តេជ្ងាចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើជីស ក្នុងចូលរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជាជាច្រើនរួមមាន បាល់ទាត់ គុនខ្មែរ ប្រដាល់ ការរត់ប្រណាំង និងសកម្មភាពកីឡាផ្សេងៗ ដោយសារក្រុមហ៊ុនជឿជាក់ថា ការគាំទ្រយុវជន ជាការវិនិយោគដ៏មានតម្លៃទៅលើកម្លាំងស្នូលរបស់ប្រទេសជាតិ ក្នុងការនាំយកកិត្តិយសជូនជាតិ ព្រមទាំងបង្ហាញសមត្ថភាពដ៏ឆ្នើតរបស់យុវជនកម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ៕







