អាមេរិកត្រៀមប្រកាស «ស្តង់ដារស្ម័គ្រចិត្ត» សម្រាប់ក្រុមហ៊ុន AI ធំៗនៅសប្តាហ៍ក្រោយ ក្រោយមានការរំខានដល់ការបញ្ចេញបច្ចេកវិទ្យាថ្មីៗ

02-07-2026 11:51

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងកិច្ចចរចាកម្រិតខ្ពស់ជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI)ឈានមុខគេ ដើម្បីបង្កើត «ស្តង់ដារស្ម័គ្រចិត្ត» ឬ (Voluntary Standards) សម្រាប់ការដាក់ឱ្យប្រើប្រាស់នូវម៉ូដែល AI ជំនាន់ថ្មីៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times និង Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។

ការសម្រេចចិត្តពន្លឿនការបង្កើតស្តង់ដាររួមនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានចូលជ្រៀតជ្រែក និងផ្អាកជាបណ្តោះអាសន្ននូវការដាក់ឱ្យប្រើប្រាស់ឧបករណ៍ AI កម្រិតខ្ពស់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Anthropic និង OpenAI ដែលបង្កឱ្យមានការភាន់ច្រឡំ និងការមិនពេញចិត្តយ៉ាងខ្លាំងនៅក្នុងរង្វង់វិទ្យាសាស្ត្របច្ចេកវិទ្យា (Silicon Valley) នាពេលថ្មីៗនេះ។ បង្កើតក្របខ័ណ្ឌវាយតម្លៃមួយដែលអាចព្យាករណ៍បាន ដើម្បីជៀសវាងការសម្រេចចិត្តដោះស្រាយតាមករណីនីមួយៗ (Case-by-case) ដូចមុន ដែលធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ពិបាកស្មានដឹង។ វាជា ការវាយតម្លៃផ្នែកសន្តិសុខបច្ចេកវិទ្យា ពៅលគឺបង្កើតការធ្វើតេស្តសមត្ថភាព (Benchmarks) ជាពិសេសទៅលើម៉ូដែល AI ណាដែលមានសមត្ថភាពខ្ពស់ផ្នែកសាយប័រ (Cyber capabilities) ដែលអាចប្រឈមនឹងការលួចចូលប្រព័ន្ធ ឬបង្កហានិភ័យដល់ឧស្សាហកម្មសំខាន់ៗ។ បន្ថែមពីនេះ​ គឺការគ្រប់គ្រងការចូលប្រើប្រាស់ ដោយកំណត់ឱ្យច្បាស់លាស់ថាតើនរណាខ្លះដែលអាចមានសិទ្ធិចូលប្រើប្រាស់ម៉ូដែលកម្រិតខ្ពស់ទាំងនោះ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

យោងតាមប្រភពព័ត៌មាន មជ្ឈមណ្ឌលសម្រាប់ស្តង់ដារ និងនវានុវត្តន៍ AI រួមជាមួយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ និងតាមដានការអនុវត្តស្តង់ដារទាំងនេះ។ ស្តង់ដារស្ម័គ្រចិត្តថ្មីនេះ ត្រូវបានរំពឹងថានឹងត្រូវប្រកាសជាផ្លូវការយ៉ាងឆាប់បំផុតនៅសប្តាហ៍ក្រោយនេះ ប្រសិនបើរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន OpenAI, Anthropic, Google, Microsoft និង Amazon អាចឈានដល់កិច្ចព្រមព្រៀងរួមមួយបានឆាប់រហ័ស។

យ៉ាងណាមិញ ថ្នាក់ដឹកនាំធំៗនៅក្នុងវិស័យបច្ចេកវិទ្យា ក៏ដូចជាមន្ត្រីមួយចំនួននៅទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភថា ការលូកដៃរបស់រដ្ឋាភិបាលតាមចិត្តនឹកឃើញ កន្លងមកនេះ អាចនឹងធ្វើឱ្យការបង្កើតថ្មីរបស់អាមេរិកមានការយឺតយ៉ាវ និងអាចចាញ់ប្រៀបប្រទេសចិន។ លោក Sam Altman នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន OpenAI បានអំពាវនាវឱ្យមាន «ក្របខ័ណ្ឌសកល» មួយដើម្បីបង្កើតស្តង់ដាររួម និងផ្តល់ការវិភាគដោយឯករាជ្យលើសមត្ថភាព និងហានិភ័យរបស់ AI ដើម្បីធានាថាអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងមានសុវត្ថិភាព៕