លេចធ្លាយព័ត៌មានថា SpaceX កំពុងបង្កើតឧបករណ៍ AI ថ្មីមួយ ដែលមានរូបរាងដូចទូរសព្ទដៃ
02-07-2026 14:07
(វ៉ាស៊ីនតោន)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TechCrunch ដោយផ្អែកលើប្រភពផ្តាច់មុខពី Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានបង្ហាញឧបករណ៍វៃឆ្លាត AI គំរូដើម (Prototype) មួយដែលមានរូបរាងស្រដៀងនឹងទូរសព្ទដៃ ទៅកាន់ក្រុមវិនិយោគិន មុនពេលក្រុមហ៊ុនឈានទៅដល់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដ៏ធំសម្បើមរបស់ខ្លួន។
ប្រភពជិតដិតបានបង្ហើបថា ឧបករណ៍គំរូដើមនេះមានរូបរាងស្លីមស្អាត និងមានកម្រាស់ «ស្តើងជាង iPhone»ទៅទៀត។ វាត្រូវបានរចនាឡើងឱ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន (Custom OS) និងប្រើប្រាស់បន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm។ ឧបករណ៍នេះត្រូវបានបង្កើតឡើងដើម្បីរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតពីក្រុមហ៊ុន xAI ដែលវាអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជជែក ឬបញ្ជា AI ដោយផ្ទាល់ដោយមិនបាច់ពឹងផ្អែកលើទូរសព្ទឆ្លាតវៃធម្មតា។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានគូសបញ្ជាក់ថា គម្រោងនេះស្ថិតក្នុងដំណាក់កាលដំបូងបំផុតនៅឡើយ ហើយការរចនា ឬការសម្រេចចិត្តផលិតចេញជាផលិតផលពាណិជ្ជកម្មពិតប្រាកដនៅលើទីផ្សារ នៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។
បន្ទាប់ពីព័ត៌មាននេះ ត្រូវបានចែកចាយព្រោងព្រាតនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម លោក Elon Musk បានចេញមុខបង្ហោះសារនៅលើបណ្តាញសង្គម X ដោយបានទាត់ចោលរបាយការណ៍របស់ Wall Street Journal ភ្លាមៗ និងបានហៅព័ត៌មាននោះថាជាព័ត៌មាន «មិនពិតទាំងស្រុង»។
ទោះបីជាមានការបដិសេធពីសំណាក់លោក Musk ក៏ដោយ ក៏ក្រុមអ្នកវិភាគទីផ្សារមើលឃើញថា ការលេចធ្លាយព័ត៌មាននេះស្របពេលដែលក្រុមហ៊ុន SpaceX កំពុងមានផែនការពង្រីកខ្លួនចូលទៅក្នុងវិស័យសេវាកម្មទូរសព្ទចល័ត តាមរយៈបណ្តាញផ្កាយរណប Starlink ដែលអាចជាសញ្ញាមួយបង្ហាញថា ក្រុមហ៊ុនពិតជាមានមហិច្ឆតាចង់បង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាផ្ទាល់ខ្លួន ទាំងផ្នែកអវកាស ទំនាក់ទំនង និងបញ្ញាសិប្បនិម្មិត AI ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សដទៃទៀត ដូចជា Apple និង Google នាពេលអនាគត៕








