«សមាគមសិល្បករខ្មែរ» ទទួលបានថវិកាមូលនិធិ ១០ម៉ឺនដុល្លារ ពីធនាគារ «J Trust Royal Bank» ដើម្បីរួមចំណែកអភិរក្ស និងលើកកម្ពស់សិល្បៈវប្បធម៌ជាតិ
02-07-2026 16:46
(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ១០០,០០០ដុល្លារអាមេរិក ពីធនាគារ J Trust Royal Bank ដើម្បីបន្តគាំទ្របេសកកម្មអភិរក្ស, អភិវឌ្ឍ និងលើកតម្កើងសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ពិធីនេះបានប្រព្រឹត្តិទៅនៅការិយាល័យធនាគារ J Trust Royal Bank ស្ថិតក្នុងអគារ Royal Group Central Tower ក្រោមវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងលោក Toru Myochin នាយកប្រតិបត្តិធនាគារ J Trust Royal Bank, ថ្នាក់ដឹកនាំក្រុមហ៊ុន Royal Group of Companies, ថ្នាក់ដឹកនាំធនាគារ, ភ្ញៀវកិត្តិយស និងសិល្បករ-សិល្បការិនីជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank បានមានប្រសាសន៍ថា ក្នុងនាមជាជនជាតិជប៉ុនដែលរស់នៅ និងបំពេញការងារនៅកម្ពុជា លោកបានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ភាពរឹងមាំរបស់ប្រទេសមួយ មិនត្រូវបានវាស់ស្ទង់ត្រឹមកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលនូវ សមត្ថភាពក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ។
លោកបានបញ្ជាក់បន្ថែមថា ធនាគារ J Trust Royal Bank មានមោទនភាពដែលបានរួមចំណែកគាំទ្រការអភិរក្ស និងផ្សព្វផ្សាយមរតកសិល្បៈវប្បធម៌ខ្មែរ និងអំពាវនាវឱ្យគ្រប់ភាគីបន្តសហការគ្នា ដើម្បីធានាថា សិល្បៈខ្មែរនឹងបន្តរីកចម្រើន និងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។
ជាការឆ្លើយតបលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ J Trust Royal Bank និង Royal Group of Companies ដែលបានបន្តគាំទ្រសកម្មភាព របស់សមាគមជាបន្តបន្ទាប់។ ការឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គម និងចក្ខុវិស័យវែងឆ្ងាយរបស់វិស័យឯកជន ក្នុងការចូលរួមអភិរក្ស និងលើកកម្ពស់មរតកវប្បធម៌ជាតិ។ ថវិកាឧបត្ថម្ភដែលសមាគមទទួលបាន នឹងត្រូវប្រើប្រាស់ដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់គាំទ្រសកម្មភាពអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ ជួយដល់សិល្បករ និងសិល្បការិនីដែលជួបការលំបាក បណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយតម្លៃសិល្បៈវប្បធម៌ខ្មែរទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះលោកជំទាវអ្នកឧកញ៉ា ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន និងសិល្បករ-សិល្បការិនីទាំងអស់ បន្តចូលរួមគាំទ្រសកម្មភាពរបស់សមាគមសិល្បករខ្មែរ ដើម្បីរួមគ្នាថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ពិធីប្រគល់-ទទួលថវិកានេះ បានបង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងសមាគមសិល្បករខ្មែរ និងធនាគារ J Trust Royal Bank ក្នុងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការអភិរក្សវប្បធម៌ លើកកម្ពស់សុខុមាលភាពសិល្បករ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ មានបេសកកម្មគាំទ្រ លើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ព្រមទាំងការពារផលប្រយោជន៍ និងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ របស់សិល្បករ-សិល្បការិនី ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា នៅក្នុងខែសីហា ឆ្នាំ២០១៩ ក្រោយពីបានទិញយកភាគហ៊ុនមួយចំណែកធំ ពីអតីតធនាគារ ANZ Royal។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាងក្រុមហ៊ុន J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា៕





















