ក្រុមហ៊ុន Microsoft ចាប់ដៃគូបង្កើតខ្សែកាបបាតសមុទ្រថ្មី ប្រវែង ៣,៦០០គីឡូម៉ែត្រ តភ្ជាប់ឥណ្ឌា និងអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI
02-07-2026 16:49
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានចាប់ដៃគូជាមួយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិ រួមទាំងក្រុមហ៊ុនទូរគមនាគមន៍ថ្មី (Startup) Lightstorm របស់សិង្ហបុរី ដើម្បីសាងសង់ប្រព័ន្ធខ្សែកាបបាតសមុទ្រថ្មីមួយ តភ្ជាប់ប្រទេសឥណ្ឌា ជាមួយម៉ាឡេស៊ី និងសិង្ហបុរី។ នេះជាការបោះជំហានថ្មីមួយក្នុងការប្រកួតប្រជែងពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI និងប្រព័ន្ធក្លោដ (Cloud) នៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារទិន្នន័យរីកចម្រើនលឿនបំផុតមួយក្នុងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមការប្រកាសរួមគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្ព័ន្ធក្រុមហ៊ុនដែលចូលរួមក្នុងគម្រោងនេះ រួមមានក្រុមហ៊ុន Tata Communications, Singtel (សិង្ហបុរី), ក្រុមហ៊ុន ASEAN Cableship (សិង្ហបុរី) និងក្រុមហ៊ុន NEC Corporation របស់ជប៉ុន ដោយនឹងរួមគ្នាសាងសង់បណ្តាញខ្សែកាបដែលមានឈ្មោះថា «I-2SEA»។ បណ្តាញខ្សែកាបថ្មីនេះ នឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដើម្បីគាំទ្រដល់ដំណើរការការងារផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការផ្ទុកទិន្នន័យខ្នាតយក្ស (Hyperscale) ទោះបីជាទំហំទឹកប្រាក់នៃការវិនិយោគសរុបមិនទាន់ត្រូវបានទម្លាយក៏ដោយ។
បណ្តាញខ្សែកាបបាតសមុទ្រនេះ នឹងមានប្រវែងសរុប ៣,៦០០ គីឡូម៉ែត្រ ដោយមានស្ថានីយខ្សែកាបគោក (Landing station) ស្ថិតនៅក្នុងក្រុង Machilipatnam ភាគខាងត្បូងប្រទេសឥណ្ឌា ដែលជាទីតាំងយុទ្ធសាស្ត្រដែលក្រុមហ៊ុនមេរបស់បណ្តាញសង្គមធំៗដូចជា Meta និង Alphabet (Google) បានប្រកាសបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data centers) របស់ពួកគេរួចជាស្រេចហើយដែរ។
លោក Amajit Gupta នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Lightstorm បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters ថា ខ្សែកាប I-2SEA នេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសទីបួននៃឆ្នាំ ២០២៩ ខាងមុខ។ លោកបានបន្ថែមថា គម្រោងនេះនឹងជួយបង្កើនតំបន់តភ្ជាប់ AI និងក្លោដរបស់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌា ពីចំនួន ១៩ តំបន់ ឱ្យកើនឡើងរហូតដល់ ២៩ តំបន់។
គួរបញ្ជាក់ផងដែរថា ខ្សែកាបបាតសមុទ្រគឺជា «ឆ្អឹងខ្នង» នៃប្រព័ន្ធអ៊ីនធឺណិតសកល ដោយវាផ្ទុក និងបញ្ជូនចរាចរណ៍ទិន្នន័យប្រហែល ៩៥% នៅទូទាំងពិភពលោក។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទូរគមនាគមន៍ TeleGeography បច្ចុប្បន្នឥណ្ឌាមានខ្សែកាបបាតសមុទ្រសកម្មចំនួន ១៧ ខ្សែ ហើយការបង្កើតខ្សែថ្មីនេះ ធ្វើឡើងស្របពេលដែលសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់ឥណ្ឌា ត្រូវបានព្យាករថានឹងកើនឡើងទ្វេដងនៅត្រឹមឆ្នាំ ២០២៧ និងអាចកើនឡើងដល់ទៅ ៥ ដងនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដោយសារតែតម្រូវការបច្ចេកវិទ្យា AI កំពុងផ្ទុះឡើងខ្លាំង៕












