តារាចម្រៀង ខាន់ ជែមស៍ ប្រកាសចេញអាល់ប៊ុមថ្មី «ជម្រៅចិត្ត» មានដល់ទៅ ១០បទ ជាពិសេសអត្ថន័យបង្កប់ទៅដោយសារអប់រំយ៉ាងចាក់ដោត
02-07-2026 17:28
(ភ្នំពេញ)៖ ពិតជាមិនធម្មតានោះទេ! ស្ងាត់តែមិនស្ងៀម! តារាចម្រៀងលោក ខាន់ ជែមស៍ បានប្រកាសចេញអាល់ប៊ុមថ្មីដែលមានចំណងជើងថា «ជម្រៅចិត្ត» ជាស្នាដៃពិសេសមួយ ដែលផ្ទុកទៅដោយបទចម្រៀងចំនួន ១០បទ ដោយមានខ្លឹមសារផ្តោតលើគ្រួសារ ការស្តាប់គ្នា ការអភ័យទោស សេចក្តីស្រឡាញ់ ការលះបង់ ការចែករំលែក និងការរួបរួមគ្នាក្នុងសង្គម។
សម្រាប់អាល់ប៊ុមថ្មី ដែលគ្រោងនឹងចេញឆាប់ៗនេះ លោក ខាន់ ជែមស៍ បានបញ្ជាក់ប្រាប់ឲ្យដឹងថា «អាល់ប៊ុមចម្រៀងថ្មីនេះ មិនមែនរៀបចំតាក់តែងឡើងគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទស្សនៈ និងបំណងប្រាថ្នាចង់ឱ្យតន្ត្រីក្លាយជាថាមពលវិជ្ជមាន ជ្រាបចូលដល់បេះដូងអ្នកស្តាប់ និងជួយជំរុញឱ្យមនុស្សយល់ចិត្តគ្នាកាន់តែច្រើន។ បទចម្រៀងទាំង ១០ បទនេះ ត្រូវបានរៀបចំជារឿងរ៉ាវភ្ជាប់គ្នា ដោយចាប់ផ្តើមពីការយល់ពីអារម្មណ៍របស់គ្នា ការសុំទោស ការមិនបោះបង់គ្នា ការផ្តល់តម្លៃដល់គ្រួសារ និងការចែករំលែកភាពល្អទៅកាន់អ្នកដទៃ។ រាល់បទទាំងអស់សុទ្ធតែមានគោលបំណង បន្សល់ទុកនូវសារដ៏មានអត្ថន័យ ដើម្បីឱ្យអ្នកស្តាប់អាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ»។
លោក ខាន់ ជែមស៍ បាននិយាយសង្កត់ធ្ងន់ថា «ខ្ញុំមិនចង់ឱ្យបទចម្រៀងរបស់ខ្ញុំមានតែបទភ្លេងពីរោះប៉ុណ្ណោះទេ។ ខ្ញុំចង់ឱ្យវាក្លាយជាសារមួយ ដែលអាចធ្វើឱ្យមនុស្សស្តាប់ហើយគិត ស្រឡាញ់គ្នា យល់ចិត្តគ្នា និងឱ្យតម្លៃចំពោះគ្រួសារ និងអ្នកនៅជុំវិញខ្លួន»។
អាល់ប៊ុម «ជម្រៅចិត្ត» ត្រូវបានរំពឹងថា នឹងនាំមកនូវបទពិសោធន៍ថ្មីមួយសម្រាប់អ្នកស្រឡាញ់តន្ត្រីខ្មែរ ដោយសារតែវាមានទាំងគុណភាពនៃការផលិត និងខ្លឹមសារដែលមានតម្លៃ។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ តារាចម្រៀង ខាន់ ជែមស៍ ក្នុងការបង្កើតស្នាដៃចម្រៀង បន្ទាប់ពីលោកទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
កុំភ្លេចរង់ចាំស្ដាប់ទាំងអស់គ្នា! តាមដានការចេញផ្សាយជាបន្តបន្ទាប់នៃបទចម្រៀងទាំង ១០បទ ហើយចូលរួមគាំទ្រស្នាដៃថ្មីនេះ ដើម្បីឱ្យសារវិជ្ជមានដែលមាននៅក្នុងអាល់ប៊ុម «ជម្រៅចិត្ត» អាចឈានទៅដល់អ្នកស្តាប់កាន់តែច្រើនទូទាំងប្រទេស៕






