សហព័ន្ធគុនខ្មែរ ចាប់ផ្ដើមពង្រឹងតួនាទីភារកិច្ចសាលាគុន/ក្លិប ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ចៀសបញ្ហានានា
02-07-2026 20:11
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី០២ ខែកក្កដានេះ បានកោះប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងសាលាគុន សមាគម/ក្លិបសមាជិកទូទាំងប្រទេស ដើម្បីពង្រឹងអំពីតួនាទីភារកិច្ច សំដៅងាយស្រួលដល់ការគ្រប់គ្រង និងចៀសវាងនូវបញ្ហាប្រឈមនានា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
លោក ខូវ ឆាយ ប្រធានសហព័ន្ធ បានបញ្ជាក់ថា នេះគឺជាការជួបជុំទ្រង់ទ្រាយធំលើកដំបូង ក្រោយខកខានជាច្រើនឆ្នាំ ដ្បិតកន្លងមកមានការចូលរួមត្រឹមសាលាគុន និងសមាគម/ក្លិបនៅរាជធានីភ្នំពេ តែលើកនេះ មានវត្តមានក្លិបមកពីតាមបណ្ដាខេត្តច្រើន។ ការជួបជុំនេះ គឺដើម្បីជាការសំណេះសំណាលផង និងជាឱកាសណែនាំបន្ថែម លើការរៀបចំឯកសារគតិយុត្តិផ្សេងៗ ដើម្បីធ្វើបច្ចុប្បន្នភាពសាលាគុន និងសមាគម/ក្លិបសមាជិកទាំងអស់ឡើងវិញ ឲ្យមានភាពស្របច្បាប់ និងងាយស្រួលក្នុងការគ្រប់គ្រង។
ជាមួយគ្នាលោកបានសង្កត់ធ្ងន់អំពីលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ដែលចាំបាច់សមាជិកទាំងអស់ត្រូវអនុវត្ត ឲ្យស្របតាមនិយាមវាយតម្លៃសហព័ន្ធកីឡាជាតិ ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងជំរុញល្បឿននៃការអភិវឌ្ឍសហព័ន្ធកីឡាជាំតិទាំងផ្នែកគ្រប់គ្រង បច្ចេកទេស និងគុណផលកីឡា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្រោមលក្ខណៈវិនិច្ឆ័យ ៣ចំណុចគឺ អភិបាលកិច្ចល្អ ប្រជាប្រិយភាព និងគុណផលកីឡា។
ក្នុងន័យនេះ ប្រធានសហព័ន្ធខាងលើបានជំរុញ និងលើកទឹកចិត្តឲ្យសាលាគុន និងសមាគម/ក្លិប ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការអនុវត្តនូវលក្ខន្ដិកៈ បទបញ្ជាផ្ទៃក្នុង បទបញ្ញាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ក៏ដូចជាការចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងនិយាមស្ថាប័នអន្ដរជាតិ ដើម្បីពួតដៃគ្នាអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន ទាំងលើឆាកជាតិ និងអន្ដរជាតិបន្ថែមទៀត។
យោងតាមរបាយការណ៍លោក ទុយ ប៊ុនហឿន អនុប្រធាន និងអនុគណៈកម្មការ អភិវឌ្ឍសមាគម សាលាគុន និងក្លិប បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធ មានសាលាគុន សមាគម/ក្លិបជាសមាជិកសរុបចំនួន ១៣៩ ក្នុងនោះក្លិបមានសុពលភាព និងមានឯកសារចំនួន ៧៥ គ្រាដែលក្លិបអស់សុពលភាព និងពុំមានឯកសារចំនួន ៦៤។ អត្តពលិកសរុបមានចំនួន ១,១០៤នាក់ ព្រមទាំងមន្ត្រី គ្រូបង្វឹកក្លិបសរុបចំនួន ៦៦៤នាក់ សរុបរួម ចំនួន ១៧៦៨នាក់។
ប៉ុន្ដែក្នុងចំណោមមន្ត្រី គ្រូបង្វឹកក្លិប និងកីឡាករ-កីឡាការិនី នៅមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណកីឡា និងសៀវភៅកត់ត្រាការប្រកួតនោះទេ ដែលជាមូលហេតុធ្វើឲ្យថ្នាក់ដឹកនាំក្លិបមួយចំនួន មិនទាន់បានយល់ច្បាស់ពីតួនាទីភារកិច្ចជាសមាជិករបស់សហព័ន្ធ ដែលនាំឲ្យមានផលប៉ះពាល់ដល់ដំណើរនៃការដឹកនាំគ្រប់គ្រងរបស់សហព័ន្ធ ពុំមានប្រសិទ្ធភាពខ្ពស់នៅឡើយ ព្រមទាំងប៉ះពាល់ដល់ការផ្លាស់ប្ដូរក្លិប រួមទាំងការចាប់គូប្រកួតទៀតផង។ ការណ៍នេះទើបសហព័ន្ធបានកោះប្រជុំ និងចាប់ផ្ដើមពង្រឹងតួនាទីភារកិច្ចសាលាគុន/ក្លិបទ្រង់ទ្រាយធំពេលនេះ៕












