លេចធ្លាយតម្លៃ! Apple គ្រោងបញ្ចេញ iPhone Ultra អេក្រង់បត់បាន តម្លៃខ្ទង់ ២៥០០ដុល្លារ និងបង្កើនការផលិតដល់ ១០លានគ្រឿង
03-07-2026 09:02
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានរាយការណ៍ថា បានសម្រេចដំឡើងគោលដៅផលិតកម្មទូរស័ព្ទ iPhone ម៉ូដែលអេក្រង់បត់បាន (Foldable) ដំបូងបង្អស់របស់ខ្លួន រហូតដល់ទៅប្រមាណ ១០ លានគ្រឿង សម្រាប់ទីផ្សារឆ្នាំនេះ។ ចំនួននេះមានការកើនឡើងជិតមួយភាគបី បើធៀបទៅនឹងការប៉ាន់ស្មានពីមុន ដែលធ្លាប់រំពឹងទុកត្រឹមតែចន្លោះពី ៧ ទៅ ៨ លានគ្រឿងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័របច្ចេកវិទ្យាល្បីឈ្មោះ 9To5Mac ដោយផ្អែកលើរបាយការណ៍ចុងក្រោយពីសារព័ត៌មាន Nikkei Asia។
ទន្ទឹមនឹងការបង្កើនទំហំផលិតកម្មដ៏គួរឱ្យកត់សម្គាល់នេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកល IDC ក៏បានព្យាករណ៍ផងដែរថា រូបរាងទូរស័ព្ទអេក្រង់បត់កម្រិតកំពូល ដែលអាចនឹងត្រូវប្រសិទ្ធនាមថា «iPhone Ultra» នេះ នឹងមានតម្លៃលក់ជាមធ្យមចាប់ពី ២,៥០០ ដុល្លារឡើងទៅ ហើយសម្រាប់ជម្រើសទំហំផ្ទុកទិន្នន័យ (Storage) ធំបំផុត អាចនឹងហក់ឡើងរហូតដល់ទៅ ៣,០០0 ដុល្លារឯណោះ។ តម្លៃដ៏ខ្ពស់កប់ពពកនេះ ត្រូវបានគេដឹងថា បណ្តាលមកពីការចំណាយលើការស្រាវជ្រាវរចនាសម្ព័ន្ធបត់ និងការកើនឡើងនៃតម្លៃបន្ទះឈីបអង្គចងចាំ (Memory Chips) នៅក្នុងទីផ្សារសកល។
ប្រភពពីខ្សែសង្វាក់ផ្គត់ផ្គង់បានបង្ហើបឱ្យដឹងថា ក្រៅពីម៉ូដែលអេក្រង់បត់នេះ Apple ក៏បានកុម្ម៉ង់ផលិតទូរស័ព្ទ iPhone 18 Pro និង iPhone 18 Pro Max ចំនួន ៧០ លានគ្រឿងបន្ថែមទៀត ដែលធ្វើឱ្យចំនួនការបញ្ជាទិញសរុបសម្រាប់ម៉ូដែលស៊េរីថ្មីកើនដល់ប្រហែល ៨០ ទៅ ៨៥ លានគ្រឿង នៅឆមាសទីពីរនៃឆ្នាំ ២០២៦ នេះ។ លើសពីនេះ ប្រភពផ្ទៃក្នុងបានគូសបញ្ជាក់ថា៖ «Apple បានប្រាប់អ្នកផ្គត់ផ្គង់ឱ្យរក្សាទុកសមាសភាគ និងគ្រឿងបន្លាស់ទូទៅមួយចំនួនដែលប្រើប្រាស់ក្នុងស្រឡាយ iPhone 17 សម្រាប់យកទៅប្រើប្រាស់ក្នុងស្រឡាយ iPhone 18 លំដាប់កំពូលខាងមុខនេះ... ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការទិញយកសមាសភាគគ្រឿងបន្លាស់ ស្របពេលដែលកំពុងមានបញ្ហាខ្វះខាតការផ្គត់ផ្គង់»។
តាមការរំពឹងទុក ព្រឹត្តិការណ៍ប្រកាសដាក់បង្ហាញជាផ្លូវការនៃត្រកូល iPhone 18 Pro រួមទាំង iPhone Ultra អេក្រង់បត់បាន (ដែលត្រូវបានគេដឹងថាមានអេក្រង់ខាងក្នុងទំហំ ៧.៨ អ៊ីញ និងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A20) នឹងត្រូវធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខ ទោះបីជាម៉ូដែលបត់បានអាចនឹងត្រូវដឹកជញ្ជូនចេញលក់យឺតជាងស៊េរី Pro បន្តិចក្តី។ ដោយឡែក សម្រាប់ iPhone 17 ម៉ូដែលធម្មតា នឹងត្រូវពន្យារវត្តមាននៅលើទីផ្សារពី ១២ ខែ ទៅដល់ ១៨ ខែ ពោលគឺ Apple នឹងមិនទាន់ជំនួសវាដោយ iPhone 18 ម៉ូដែលធម្មតានោះទេ រហូតដល់រដូវផ្ការីកក្រោយ៕











