ភ្នំពេញក្រោន ស្ថិតក្នុងពូល B ជាមួយបេសកកម្មក្រៅដី នៃវគ្គជម្រុះពានរង្វាន់ AFC Women’s Champions League 2026/27
03-07-2026 10:24
(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា បានដឹងពីលទ្ធផលចាប់ឆ្នោតប្រកួតជម្រុះបឋម នៃពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី (AFC Women’s Champions League) ឆ្នាំ២០២៦/២៧ ហើយ ដោយស្ថិតក្នុងពូល B ជាមួយក្រុមហុងកុង TSL FC, ក្រុមហ្វីលីពីន Kaya-Iloilo និងក្រុម ILBIRS FC របស់ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន។
នេះជាលើកទី២ ដែលក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក្នុងនាមក្លិបតំណាងកម្ពុជា បានចូលរួមការប្រកួតជើងឯកកម្រិតទ្វីប តែឆ្នាំនេះពួកគេត្រូវបំពេញបេសកកម្មក្រៅដី ក្រោយទទួលបានឱកាសធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល E កាលពីរដូវកាលមុន ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល ដោយរកបានត្រឹម ១ពិន្ទុ ក្រោយប្រកួតចាញ់ក្រុមឥណ្ឌា East Bengal ១-០ និងស្មើក្រុមហុងកុង Kitchee ៣-៣។
យ៉ាងណាមិញក្រឡេកមកយុទ្ធនាការប្រកួតពានរង្វាន់អន្ដរជាតិឆ្នាំនេះ គេឃើញក្រុមបាល់ទាត់នារីភ្នំពេញក្រោន បាននឹងកំពុងក្លាយជាក្រុមខ្លាំង។ បន្ថែមលើការកំពុងធ្វើបានល្អក្នុងលីគនារីរដូវកាលថ្មី ដោយមិនទាន់ស្គាល់ចាញ់ ឬស្មើ ជាមួយកំណត់ត្រាឈ្នះ ១០ប្រកួតជាប់ៗគ្នា ពួកគេក៏បាននាំចូលកីឡាការិនីបរទេសជាបន្ដបន្ទាប់ ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិផងដែរ ក្នុងនោះមានកីឡាការិនីជប៉ុន ២រូប (Ichikawa Miki និង Kuroki Airi) កីឡាការិនីកូរ៉េខាងត្បូងម្នាក់ (Jang Bojeong) និងកីឡាការិនីនេប៉ាល់ Rekha Poudel ដែលទើបនាំចូលថ្មីម្នាក់ទៀត។
តាមរយៈការខំប្រឹងនេះ អ្នកគាំទ្រសង្ឃឹមថា ឆ្នាំនេះក្រុមតំណាងព្រះរាជាណាចក្រកម្ពុជាខាងលើ នឹងអាចបង្កើតប្រវត្តិសាស្ដ្រឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC Women's Champions League 2026/27។
គួរដឹងថា ក្នុងការប្រកួតជម្រុះបឋមឆ្នាំនេះ គឺមានបេក្ខភាព ២៤ក្រុមចូលរួម និងបែងចែកជា ៦ពូល ដើម្បីធ្វើការប្រកួតជម្រុះពីថ្ងៃទី១៧-២៣ ខែសីហាខាងមុខ ហើយមានតែក្រុមឈរលេខ១ តាមពូលនីមួយៗប៉ុណ្ណោះ ដែលនឹងទទួលបានជុំផ្ដាច់ព្រ័ត្រ ខណៈមានក្រុមខ្លាំងៗ ៦ក្រុមផ្សេងទៀតកំពុងឈរចាំ៕






