UEFA នឹងមិនពិន័យកាតក្រហមឡើយ ពេលកីឡាករនិយាយគ្នា ដោយខ្ទប់មាត់
03-07-2026 10:43
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA នឹងមិនប្រើប្រាស់ច្បាប់ ពិន័យកាតក្រហម នៅពេលកីឡាករនិយាយគ្នា ដោយខ្ទប់មាត់ (cover mouth) នៅក្នុងការប្រកួតនានាសម្រាប់រដូវកាលថ្មីឆ្នាំ២០២៦-២៧ ខាងមុខឡើយ។
យោងតាមសេចក្តីប្រកាសខាងលើ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា UEFA នឹងមិនដាក់ទោសទណ្ឌទៅលើកីឡាករទាំងឡាយណា តាមរយៈពិន័យកាតក្រហមឡើយ (red card) បើទោះបីជាពួកគេនិយាយគ្នា ខ្ទប់មាត់ដោយដៃ ឬក៏អាវក៏ដោយ។
នេះមានន័យថា ស្ថាប័នកំពូលនៅអឺរ៉ុបមួយនេះ នឹងមិនពិន័យកាតក្រហមនៅក្នុងការប្រកួតពានរង្វាន់ Champions League, Europa League និង Conference League នារដូវកាលថ្មីរបស់ខ្លួននោះទេ។
ច្បាប់ថ្មី ពិន័យកាតក្រហមត្រូវបានដាក់ចេញដោយប្រធាន FIFA លោក Gianni Infantino នៅអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលបានកំពុងរៀបចំឡើងនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ដោយទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលសហព័ន្ធ Ifab រួចមកកាលពីអំឡុងខែមេសា ឆ្នាំ២០២៦។
ដំបូងឡើយ វាគ្រាន់តែជាការប្រឆាំងទៅនឹងកីឡាករ Gianluca Prestianni របស់ក្លិប Benfica ដែលបាននិយាយ និងយកអាវគ្របមាត់នៅអំឡុងប្រកួតពាន UEFA Champions League កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយ UEFA បានរកឃើញថា មានលាយឡំនឹងការប្រើពាក្យរើសអើងជាតិសាសន៍ មុនឈានដល់ការដកបញ្ឈរជើង ៦ប្រកួតទៀតផង៕



