Amazon ត្រៀមបញ្ចេញសេវាអ៊ីនធឺណិតលំហអាកាសនៅឆ្នាំនេះ ប្រជែងជាមួយ Starlink
03-07-2026 12:48
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon គ្រោងនឹងដាក់ឱ្យដំណើរការសេវាអ៊ីនធឺណិតដំបូងរបស់ខ្លួន តាមរយៈបណ្តាញផ្កាយរណបគន្លងតារាវិថីទាប (Leo) នៅចុងឆ្នាំនេះហើយ បន្ទាប់ពីការបាញ់បង្ហោះរ៉ុក្កែត Atlas V ចុងក្រោយបង្អស់ បានរុញចំនួនផ្កាយរណបរបស់ខ្លួននៅក្នុងលំហអាកាសឱ្យកើនឡើងដល់ជិត ៤០០ គ្រឿង។ នេះជាផ្នែកមួយនៃមហិច្ឆតារបស់ Amazon ក្នុងការបញ្ជូនផ្កាយរណបសរុបជាង ៣,២០០ គ្រឿង ដើម្បីផ្តល់សេវាអ៊ីនធឺណិតគ្របដណ្តប់ទូទាំងសកលលោក ដោយផ្តោតលើអ្នកប្រើប្រាស់ទូទៅ ក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
ទាក់ទិននឹងវឌ្ឍនភាពនេះ លោក Chris Weber ប្រធានផ្នែកគម្រោង Leo របស់ Amazon បានបង្ហោះនៅលើបណ្តាញសង្គម X ថា៖ «នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើនៅខាងមុខ រាប់ទាំងការរុញផ្កាយរណបថ្មីៗទាំងអស់នេះឱ្យឡើងទៅដល់កម្ពស់កំណត់របស់វា។ ប៉ុន្តែយើងបានបញ្ចប់ការបាញ់បង្ហោះគ្រប់គ្រាន់សម្រាប់សេវាដំបូងនៅឆ្នាំនេះហើយ ហើយបេសកកម្មនាពេលអនាគតគ្រាន់តែបន្ថែមការគ្របដណ្តប់ និងសមត្ថភាពល្បឿនប៉ុណ្ណោះ»។ សេវាដំបូងនេះរំពឹងថានឹងចាប់ផ្តើមនៅក្បែរតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងផែនដី មុននឹងពង្រីកមកកាន់តំបន់អេក្វាទ័រ។
បណ្តាញផ្កាយរណប Leo របស់ Amazon ត្រូវបានគេមើលឃើញថាជាគូប្រជែងថ្មីថ្មោងដ៏សំខាន់មួយរបស់ប្រព័ន្ធ Starlink របស់ក្រុមហ៊ុន SpaceX ដែលបច្ចុប្បន្នមានផ្កាយរណបប្រហែល ១០,០០០ គ្រឿងទៅហើយ។ ដើម្បីសាងសង់បណ្តាញនេះ Amazon បានទម្លាក់ទុនយ៉ាងហោចណាស់ ៨២ ពាន់លានដុល្លារក្នុងការកក់ជើងហោះហើររ៉ុក្កែតប្រហែល ១០០ ដង ពីក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុនគូប្រជែង SpaceX ផងដែរ ដើម្បីធានាថាផ្កាយរណបរបស់ខ្លួនអាចឡើងទៅដល់លំហអាកាសតាមផែនការ។
ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅមុខរបស់ Amazon ក៏ជួបឧបសគ្គមិនតូចដែរ ដោយសាររ៉ុក្កែតជំនាន់ថ្មីដែលខ្លួនបានកក់ទុក ដូចជា New Glenn របស់ Blue Origin និង Vulcan របស់ ULA ត្រូវផ្អាកការហោះហើរបណ្តោះអាសន្ន បន្ទាប់ពីជួបបញ្ហាបច្ចេកទេស និងការផ្ទុះនៅលើផ្ទះបាញ់បង្ហោះកាលពីខែមុន។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន ULA លោកស្រី Jessica Rye បានបញ្ជាក់ពីកិច្ចសហការដើម្បីដោះស្រាយបញ្ហាថា៖ «វិស្វកររបស់ Blue Origin កំពុងមានតម្លាភាពជាមួយយើង ក្នុងពេលដែលពួកគេកំពុងធ្វើការស៊ើបអង្កេត។ ប្រសិនបើមានចំណុចពាក់ព័ន្ធណាមួយជាមួយម៉ាស៊ីន BE-4 យើងនឹងសហការជាមួយក្រុមការងារ ដើម្បីស្វែងរកឫសគល់នៃបញ្ហា និងដោះស្រាយវា»៕










