បញ្ជាការដ្ឋាន ឬវិសាខា នឹងក្លាយជាជើងឯកពានតេជោលីគ ឆ្នាំ២០២៦ ល្ងាចនេះ?
03-07-2026 13:08
(ភ្នំពេញ)៖ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាង ១ខែកន្លះ ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅល្ងាចថ្ងៃទី០៣ ខែកក្កដានេះ រវាងក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស ទល់នឹងក្រុមខ្លាំងវិសាខា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ពានឆ្នាំនេះ?
សូមរំឮកថា នេះជាលើកទី៣ ហើយដែលក្រុមខ្លាំងទាំងពីរ បានឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍បាល់ទះដ៏ធំជាងគេនៅកម្ពុជា គ្រាដែលក្នុងវគ្គផ្ដាច់ព្រ័ត្រ ២លើកកន្លងមក វិសាខាមិនធ្លាប់ឈ្នះបញ្ជាការដ្ឋានអង្គរក្សឡើយ។ ប៉ុន្ដែសម្រាប់ការជួបគ្នា ក្នុងពានរង្វាន់តេជោលីគ រដូវកាលនេះ ក្រុមទាំងពីរឈ្នះគ្នាទៅវិញទៅមក ដោយជុំទី១ បញ្ជាការដ្ឋានអង្គរក្សបានយកឈ្នះ ៣-២សិត តែជុំទី២ វិសាខាបានយកឈ្នះវិញ ៣-០សិតវិញ។
អ្នកគាំទ្រកំពុងចាប់អារម្មណ៍ជំនួបដ៏កក្រើកនេះ ដ្បិតជំនួបលើកនេះគេរំពឹងថា នឹងកាន់តែស្វិតស្វាញ ដោយក្រុមទាំងពីរ សុទ្ធតែបាននាំចូលកីឡាករល្អៗ ទាំងខ្មែរ និងបរទេស មកពង្រឹងក្រុមរៀងៗខ្លួន ដើម្បីប្រជែងជើងឯកតេជោលីគ ឆ្នាំ២០២៦។
សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ នឹងចាប់ផ្ដើមនាម៉ោង ៥ល្ងាច ក្រោយជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ៕









