Alibaba បញ្ជាដាច់ខាតហាមបុគ្គលិកប្រើ AI «Claude Code» ព្រោះសង្ស័យមានបង្កប់ Backdoor
03-07-2026 14:46
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba នឹងដាក់បម្រាមមិនឱ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធីជំនួយសរសេរកូដ Claude Code នៅក្នុងការិយាល័យឡើយ ចាប់ពីថ្ងៃទី១០ ខែកក្កដា ខាងមុខនេះតទៅ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះបានទម្លាយឱ្យដឹងថា និងត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
ការសម្រេចចិត្តដ៏តឹងរ៉ឹងនេះ ត្រូវគេរាយការណ៍ថា ធ្វើឡើងដោយសារតែការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញហានិភ័យផ្នែកសន្តិសុខបច្ចេកវិទ្យា ជាពិសេសគឺការសង្ស័យថាអាចមានបង្កប់ Backdoor (ច្រកទ្វារសម្ងាត់ដែលអនុញ្ញាតឱ្យមានការលួចចូលប្រព័ន្ធ ឬលេចធ្លាយទិន្នន័យ) នៅក្នុងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) មួយនេះ។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Alibaba មិនទាន់បានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។
គួរជម្រាបថា Claude Code គឺជាឧបករណ៍ AI ដ៏មានប្រជាប្រិយភាពមួយរបស់ក្រុមហ៊ុន Anthropic ដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ក្រុមអ្នកបង្កើតកម្មវិធី (Developers/Programmers) ក្នុងការសរសេរ និងពិនិត្យកូដកំព្យូទ័រ។ ទោះជាយ៉ាងណា ការហាមឃាត់របស់ Alibaba បានឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ក្នុងការការពារការលេចធ្លាយកូដសម្ងាត់ (Source Code) និងទិន្នន័យអាជីវកម្មផ្ទៃក្នុងទៅក្នុងប្រព័ន្ធ AI របស់បរទេស៕









