មិនធម្មតា! បញ្ជាការដ្ឋានអង្គរក្ស យកឈ្នះវិសាខា ៣-០ គ្រងជើងឯកតេជោលីគ ៣រដូវកាលជាប់គ្នា
03-07-2026 21:30
(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានរក្សាតំណែងជើងឯក ៣រដូវកាលជាប់គ្នា នៃព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះក្រុមសមាគមកីឡាបាល់ទះវិសាខា ដោយលទ្ធផល ៣-០សិត ដែលទើបបញ្ចប់ការប្រកួតនាព្រលប់ថ្ងៃទី០៣ ខែកក្កដានេះ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
ចំពោះមុខអ្នកគាំទ្រពេញវិមានពហុកីឡដ្ឋានជាតិ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះកម្ពុជា មានការភ្ញាក់ផ្អើល សម្រាប់ការយកឈ្នះយ៉ាងងាយលើវិសាខា ដែលខ្លួនធ្លាប់ចាញ់ ៣-០សិត កាលពីជុំទី២។ ជ័យជម្នះខាងលើ រួមមាន ២៥-១៦, ២៥-១៨ និង ២៥-១៨ពិន្ទុ ដែលជួយឲ្យបញ្ជាការដ្ឋានអង្គរ គ្រងជើងឯកតេជោលីគ ជាលើកទី៣ ក្រោយយកឈ្នះវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣ឆ្នាំជាប់គ្នាផងដែរ។
ដោយឡែកចំណាត់ថ្នាក់លេខ៣ គឺបានទៅក្រុមស្នងការនគរបាលខេត្តស្វាយរៀង បន្ទាប់ពីវាយបកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-២សិត។ ជំនួបដ៏ជក់ចិត្តមិនចាញ់ការប្រកួតដណ្ដើមជើងឯកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានយកឈ្នះ ២សិតមុន ជាមួយពិន្ទុ ២៥-២១ និង ២៥-១៩ តែត្រូវបានក្រុមស្នងការនគរបាលខេត្តស្វាយរៀង វាយបកឈ្នះ ៣សិតជាប់គ្នាវិញ ជាមួយពិន្ទុ ២៥-១៩, ២៧-២៥ និង ១៥-១២៕







