ឥណ្ឌាបើកការស៊ើបអង្កេតបន្ទាន់លើក្រុមហ៊ុនបច្ចេកវិទ្យា Tata បន្ទាប់ពីបែកធ្លាយទិន្នន័យសម្ងាត់ iPhone 18 Pro

04-07-2026 09:53

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការ និងបន្ទាន់បំផុតមួយ ជុំវិញករណីធ្លាយទិន្នន័យសម្ងាត់ដ៏មហាសាល ចេញពីប្រព័ន្ធផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Tata Electronics ដែលជាដៃគូផលិតដ៏សំខាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងប្រទេសឥណ្ឌា។ ឯកសារមេ និងរូបថតគំរូនៃទូរស័ព្ទត្រកូលខ្ពស់ iPhone 18 Pro ដែលមិនទាន់ប្រកាសផ្សព្វផ្សាយជាផ្លូវការ ត្រូវបានបែកធ្លាយលើបណ្តាញងងឹត (Dark Web) ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងការចេញមុខបញ្ជាក់ជាសាធារណៈលើកដំបូងបង្អស់របស់រដ្ឋាភិបាល លោក អេស គ្រីស្នាន (S. Krishnan) លេខាធិការនៃក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាឥណ្ឌា បានមានប្រសាសន៍ថា៖ «យើងកំពុងធ្វើការស៊ើបអង្កេតលើករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត»។ លោកបានបន្ថែមថា ករណីនេះត្រូវបានរាយការណ៍ និងបញ្ជូនទៅកាន់ក្រុមការងារឆ្លើយតបបន្ទាន់ផ្នែកសន្តិសុខបច្ចេកវិទ្យារបស់ឥណ្ឌា ដែលជាទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការសន្តិសុខបច្ចេកវិទ្យា និងទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

យោងតាមប្រភពព័ត៌មានលម្អិតពីការស៊ើបអង្កេតបឋម ករណីនេះបង្កឡើងដោយក្រុមហែកឃ័រ Ransomware ដ៏ល្បីឈ្មោះមួយ ដែលលួចបានទិន្នន័យទំហំរហូតដល់ ៦៣០ ជីហ្គាបៃ ឬស្មើនឹងឯកសារជាង ២០០,០០០ ច្បាប់។ ចំណុចរសើបបំផុតដែលត្រូវបានគេទម្លាយរួមមាន ឯកសារយ៉ាងតិចចំនួន ៦ ច្បាប់ បានបង្ហាញលម្អិតអំពីឈ្មោះក្រុមហ៊ុនផលិតគ្រឿងបង្គុំស្នូលសម្រាប់ iPhone 18 Pro ដូចជាបន្ទះសៀគ្វីមេ ប្រព័ន្ធថាមពលថ្ម និងម៉ូឌុលកាមេរ៉ា ដែលព័ត៌មានទាំងនេះជាទូទៅត្រូវបាន Apple រក្សាទុកជាការសម្ងាត់បំផុត និងមិនដែលបង្ហាញនៅក្នុងបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ជាសាធារណៈឡើយ។ នៅក្នុងទិន្នន័យនោះ ក៏មានផ្ទុករូបថតនៃការធ្វើតេស្តទម្លាក់ (Drop-Testing Photos) ទូរស័ព្ទ iPhone 18 Pro នៅក្នុងមន្ទីរពិសោធន៍របស់ Tata នាដើមឆ្នាំ២០២៦ នេះផងដែរ ដោយបង្ហាញរូបរាងទូរស័ព្ទពណ៌ប្រផេះ មានកាមេរ៉ាក្រោយ៣ និងមានឡូហ្គោ Apple យ៉ាងច្បាស់។

ក្រៅតែពីឯកសាររបស់ Apple ក្រុមហែកឃ័រក៏បានបង្ហោះនូវឯកសារបច្ចេកវិទ្យាសម្ងាត់ពាក់ព័ន្ធនឹងគ្រឿងបង្គុំរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ព្រមទាំងឯកសារយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតឈីបយក្ស Qualcomm និង TSMC ផងដែរ។

អ្នកវិភាគបច្ចេកវិទ្យាបានលើកឡើងថា ការធ្លាយទិន្នន័យនេះបានវាយប្រហារចំចំណុចខ្សោយ និងយុទ្ធសាស្ត្រស្នូលរបស់ Apple ដែលកំពុងខិតខំដកដង្ហើមចេញពីប្រទេសចិន ដើម្បីមកពង្រីកមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន ក្រុមហ៊ុន Tata Electronics គឺជាគោលដៅដ៏សំខាន់របស់ឥណ្ឌាក្នុងការជួយរុញច្រានមហិច្ឆតារបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) ដើម្បីប្រែក្លាយឥណ្ឌាជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិចលំដាប់សកល។ តាមទិន្នន័យស្រាវជ្រាវ ឥណ្ឌាត្រូវបានរំពឹងថានឹងក្តោបក្តាប់ការផលិត iPhone រហូតដល់ទៅ ២៦% នៃទិន្នផលសរុបលើពិភពលោកក្នុងឆ្នាំ២០២៦ នេះ។

ភ្លាមៗបន្ទាប់ពីកើតមានព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Tata បានប្រកាសថា ខ្លួនបានរឹតបន្តឹងប្រព័ន្ធសុវត្ថិភាពផ្ទៃក្នុង និងបានជួលក្រុមហ៊ុនទីប្រឹក្សាលំដាប់ពិភពលោក ដើម្បីធ្វើសវនកម្មកោសល្យវិច័យឌីជីថល ស្វែងរកប្រភពនៃការលេចធ្លាយនេះ។ ខណៈពេលដែលក្រុមហ៊ុន Apple បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ Tata ដើម្បីវាយតម្លៃការខូចខាត មុនពេលដែលទូរស័ព្ទ iPhone 18 Pro និង Pro Max គ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ៕