វត្តមានរបស់ iPhone Fold នឹងរុញច្រានតម្លៃមធ្យមនៃទូរស័ព្ទបត់លើទីផ្សារពិភពលោក ឱ្យហក់ឡើង ១៨% ក្នុងឆ្នាំ២០២៦ នេះ

04-07-2026 13:16

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ វត្តមានដែលកំពុងត្រូវបានទន្ទឹងរង់ចាំយ៉ាងខ្លាំងនៃទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ក្រុមហ៊ុន Apple ឬដែលគេស្គាល់ជាបណ្តោះអាសន្នថា «iPhone Fold» (ឬ iPhone Ultra) ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការរុញច្រានតម្លៃលក់មធ្យមនៃទូរស័ព្ទអេក្រង់បត់ទូទាំងសកលលោកឱ្យហក់ឡើងរហូតដល់ ១៨% ឯណោះនៅក្នុងឆ្នាំ២០២៦ នេះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវចុងក្រោយរបស់ស្ថាប័ន Counterpoint Research ដែលត្រូវបានចុះផ្សាយដោយគេហទំព័របច្ចេកវិទ្យាល្បីឈ្មោះ 9to5Mac នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។

តាមទិន្នន័យពីរបាយការណ៍ខាងលើ ស្ថាប័ន Counterpoint Research បានប៉ាន់ប្រមាណថា តម្លៃលក់មធ្យមនៃស្មាតហ្វូនអេក្រង់បត់ទូទាំងពិភពលោកនឹងហក់ឡើងទៅដល់ ១,៤៨៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៦ នេះ ពោលគឺកើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៥ និងកើនឡើងរហូតដល់ ២៩% បើធៀបនឹងឆ្នាំ២០២៤។

ការកើនឡើងនៃតម្លៃមធ្យមទូទាំងពិភពលោកនេះ គឺដោយសារតែទូរស័ព្ទបត់ប្រភេទ Book-type មានចំណែកទីផ្សារកាន់តែធំ រួមផ្សំនឹងយុទ្ធសាស្ត្រកំណត់តម្លៃលំដាប់កំពូល (Ultra-Premium) របស់ក្រុមហ៊ុន Apple ផ្ទាល់តែម្តង។ ស្ថាប័នស្រាវជ្រាវទិន្នន័យ IDC ធ្លាប់បានរាយការណ៍ថា iPhone Fold ឬ iPhone Ultra ដែលគ្រោងនឹងប្រកាសចេញក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ អាចនឹងមានតម្លៃលក់មធ្យមចាប់ផ្តើមពី ២,៥០០ ដុល្លារអាមេរិក និងអាចហក់ឡើងរហូតដល់ ៣,០០០ ដុល្លារអាមេរិក សម្រាប់ទំហំផ្ទុកទិន្នន័យធំបំផុត ដែលវានឹងក្លាយជា iPhone ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple។

Counterpoint Research បានសង្កត់ធ្ងន់ថា៖ «ការឈានជើងចូលក្នុងទីផ្សារទូរស័ព្ទបត់របស់ Apple មិនត្រឹមតែជួយរុញតម្លៃលក់មធ្យមឱ្យខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយទាញការចាប់អារម្មណ៍ខ្លាំងពីទីផ្សារមកលើផ្នែកទូរស័ព្ទតម្លៃខ្ពស់។ ព្រឹត្តិការណ៍នេះ នឹងជម្រុញឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងលើប្រព័ន្ធសូហ្វវែរ កម្មវិធីជំនួយទូរស័ព្ទបត់ និងមុខងារផលិតភាពការងារខ្ពស់ ដែលជួយឱ្យស្មាតហ្វូនអេក្រង់បត់ ក្លាយជាឧបករណ៍ប្រើប្រាស់ទូទៅលំដាប់កំពូលពិតប្រាកដ»។

បន្ថែមពីលើនេះ ទិន្នន័យពីចង្វាក់ផ្គត់ផ្គង់បានបង្ហាញថា Apple បានបញ្ជាទិញបន្ទះអេក្រង់បត់ពីក្រុមហ៊ុន Samsung Display រហូតដល់ទៅប្រមាណ ១០ លានគ្រឿងសម្រាប់ឆ្នាំនេះ ដែលនេះជាសញ្ញាបង្ហាញថា Apple មានទំនុកចិត្តខ្ពស់បំផុតថា ទូរស័ព្ទតម្លៃជាង ២,០០០ ដុល្លារនេះ នឹងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោកនៅចុងឆ្នាំ២០២៦ នេះ៕