កំណើនកីឡាករ-កីឡាការិនីទ្វេដង ជំរុញឲ្យក្លិបកីឡាវាយសីហ្លួង គ្រោងរៀបចំពាន ២ដងក្នុង ១ឆ្នាំ

05-07-2026 08:03

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ក្លិបហ្លួង លើកទី២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានវាយសី VB ខណៈថ្នាក់ដឹកនាំក្លិប បានបង្ហើបពីគម្រោងពង្រីកការរៀបចំពាននេះឲ្យបានយ៉ាងហោច ២ដងក្នុងមួយឆ្នាំ ក្រោយមានកំណើនចូលរួមទ្វេដងពីកីឡាករ-កីឡការិនីឆ្នាំនេះ។

លោក ជាម សុភា តំណាងក្លិបខាងលើ បានបញ្ជាក់ថា ឆ្នាំនេះពានរង្វាន់ក្លិបហ្លួង មានកីឡាករ-កីឡាការិនីជិត ៥០នាក់ចូលរួម និងប្រកួតលើ ៤វិញ្ញាសា។ តួរលេខនេះ មានកំណើនគួរឲ្យភ្ញាក់ផ្អើល បើធៀបកាលរៀបចំលើកដំបូង មានត្រឹមកីឡាករ-កីឡាការិនីជាង ២០នាក់ចូលរួម ហើយលោកក៏បានអរគុណដៃគូឧបត្ថម្ភ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានគាំទ្រ និងជំរុញឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

តំណាងក្លិបដដែលបន្ដថា «តាមរយៈភាពផុលផុសនៃការប្រកួតពានរង្វាន់ប្រចាំក្លិបកីឡាវាយសីហ្លួង លើកទី២ នេះ ក្លិបគ្រោងនឹងពង្រីកការរៀបចំឲ្យបាន ២ឆ្នាំម្ដងក្នុងមួយឆ្នាំ។ បន្ទាប់ពីលើកនេះ ក្លិបអាចរៀបចំម្ដងទៀត នាចុងឆ្នាំ២០២៦ ដើម្បីឆ្លើយតបនឹងកំណើនអ្នកចូលរួមហ្វឹកហាត់ និងលេងគួរឲ្យកត់សម្គាល់ក្នុងក្លិប ក៏ដូចជាដើម្បីជំរុញដល់ការជួបជុំលេងកម្សាន្ដដើម្បីរឹងចំណងមិត្តភាព សាមគ្គីភាព និងសុខភាពជាដើម។

ជាមួយការរៀបចំពានរង្វាន់លក្ខណៈមិត្តភាពនេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ដែលជាសមាជិកក្លិបបានចូលរួមប្រកួត ក្រោមស្មារតីដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពផង និងផ្ដល់ភាពជាគំរូដល់កូនក្មួយៗរបស់កីឡាករ-កីឡាការិនីវ័យចាស់ ដែលបានចូលរួម ព្រមទាំងយុវជនកម្ពុជា ក្នុងការចូលរួមលេងកីឡាដើម្បីសុខភាព ស្របតាមគោលបំណងរបស់ក្លិប ក្នុងការបណ្ដុះយុវជនបន្ដវេនឲ្យចេះលេងកីឡាទាំងអស់គ្នាផង។

លោក ជាម សុភា បន្ថែមទៀតថា ក្រោមចក្ខុវិស័យវែងឆ្ងាយ ជាមួយយភាពរីកចម្រើននេះដែរ ក្លិបក៏បានកៀរគរថវិកាមួយចំនួន សម្រាប់ផ្ដល់ការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជំនាញ ឬអតីតជម្រើសជាតិ ដែលបានឆ្លៀតពេលចូលរលួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសល្អៗ ដល់សមាជិកក្លិបហ្លួង សំដៅរួមចំណែកលើកកម្ពស់ជីវភាពពួកគេផង និងជាការរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជាផងដែរ។

លើសពីនេះ ក្រៅពីការប្រកួត ហ្វឹកហាត់ និងបំផុសសកម្មភាពកីឡាវាយសី ក្លិបក៏តែងចូលរួមសកម្មភាពសង្គម ជាក់ស្ដែងកំឡុងមានបញ្ហាព្រំដែន សមាជិកក្លិបក៏បានកៀរគរមូលនិធិជួយជាថវិកា និងគ្រឿងឧបភោគបរិភោគ ដល់សមរភូមិមុខ ហើយក្លិបក៏ត្រៀមនឹងបន្ដសកម្មភាពសកម្មសប្បុរសធម៌ជាបន្ដបន្ទាប់ទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបំផុសយុទ្ធនាការប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត និងការងារសង្គមផ្សេងៗផងដែរ៕