តេជោលីគ រដូវកាលទី៣ ភ្ញាក់ផ្អើលដល់សហព័ន្ធកីឡាបាល់ទះពិភពលោក
06-07-2026 10:35
(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេល ៧សប្ដាហ៍ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្សបានគ្រងជើងឯក ៣រដូវកាលជាប់គ្នា នៅពេលបំបាក់គូប្រជែងវិសាខា ៣-០សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីចុងសប្ដាហ៍កន្លងទៅ។
ជាមួយការប្រកួតដ៏ស្វិតស្វាញ តាំងជុំទី១ និងជុំទី២ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្របានទាក់ទាញការគាំទ្រដ៏ច្រើនលើសលប់ពីទស្សនិកជន ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់មន្ដ្រីសហព័ន្ធកីឡាបាល់ទះពិភពលោក(FIVB) និងបានផ្ញើសារមកអបអរសាទរ ចំពោះភាពជោគជ័យត្រឹមរយៈពេលខ្លី នៃការរៀបចំលីគបាល់ទះនៅកម្ពុជាទៀតផង។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតមន្ដ្រី FIVB បានផ្ញើសារអបអរសាទរភ្ជាប់ជាមួយពាក្យ «Amazing» មានន័យថា អស្ចារ្យលើសពី អស្វារ្យសម្រាប់ព្រឹត្តិការណ៍តេជោលីគ ដោយសារកម្រិតនៃការរៀបចំលីគបាល់ទះនៅកម្ពុជា អាចតាមទាន់កម្រិតលីគបណ្ដាប្រទេសដើរមុនកម្ពុជា ២០ឆ្នាំដែលមានការគាំទ្រខ្លាំងបែបនេះ។
តាមរយៈនេះលោកបានវាយតម្លៃ លីគបាល់ទះនៅកម្ពុជា គឺជាលីគមួយដ៏ធំក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន ដ្បិតត្រឹមរយៈពេល ៣ឆ្នាំនៃការរៀបចំ និងក្រោយការចុះបញ្ជីក្នុង FIVB រយៈពេល ២ឆ្នាំ តែតេជោលីគបានជំរុញឲ្យមានការប្រកួតប្រជែងខ្ពស់ និងទាក់ទាញនូវការគាំទ្រព្រឹត្តិការណ៍ទាំងមូល ក្រោយសហព័ន្ធបានអនុវត្តតាមនិយាមអន្ដរជាតិ ក៏ដូចជាការនាំចូលកីឡាករមានគុណផលខ្ពស់ពីអន្ដរជាតិ ដែលបង្ហាញនូវសម្រស់បាល់ទះកម្ពុជាយ៉ាងពិតប្រាកដ។
ទន្ទឹមជាមួយការប្រកួតដ៏កក្រើកក្នុងរដូវកាលទី៣ កន្លងមកលោកសង្ឃឹមថា ក្លិបសមាជិកទាំង៨ ដែលត្រៀមប្រជែងពានតេជោលីគ រដូវកាលទី៤ នឹងបន្ដនាំយកកីឡាករខ្លាំងៗ កម្រិតអន្ដរជាតិ និងមកពីច្រើនប្រភពបន្ថែមទៀត ដើម្បីបង្កើនការប្រកួតប្រជែងផង និងជាផលចំណេញសម្រាប់កីឡាករកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាព សំដៅបានរុញនូវគុណផលកម្រិតខ្ពស់ដល់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតប្រជែងពានរង្វាន់អន្ដរជាតិនានាផងដែរ៕








