iPhone Fold អាចនឹងត្រូវពន្យារពេលលក់ និងជួបវិបត្តិសម្ភារៈផ្គត់ផ្គង់ធ្ងន់ធ្ងរ ដូចកាលជំនាន់ iPhone X
06-07-2026 13:10
(កាលីហ្វ័រញ៉ា)៖ យុទ្ធសាស្ត្រនៃការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន Apple ជាមួយទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់ ឬ «iPhone Fold» (ដែលគេស្គាល់ជាផ្លូវការថា iPhone Ultra) អាចនឹងដើរតាមគន្លងចាស់ដ៏ល្បីល្បាញកាលពីជំនាន់ iPhone X កាលពីឆ្នាំ២០១៧។ របាយការណ៍វិភាគខ្សែសង្វាក់ផ្គត់ផ្គង់ចុងក្រោយបានបង្ហាញថា ទោះបីជា Apple នឹងប្រកាសបង្ហាញរូបរាងទូរស័ព្ទបត់នេះរួមឆាកជាមួយត្រកូល iPhone 18 Pro នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតាមការគ្រោងទុកក៏ដោយ ប៉ុន្តែការបើកទទួលការកក់ (Pre-order) និងការចេញលក់ជាផ្លូវការ អាចនឹងត្រូវពន្យារពេលទៅដល់ត្រីមាសទី៤ (ចន្លោះខែតុលា ឬវិច្ឆិកា) ព្រមទាំងជួបវិបត្តិខ្វះខាតទំនិញផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងររហូតដល់ដាច់ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័របច្ចេកវិទ្យា 9to5Mac នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។
លោក មីង ជីគូ (Ming-Chi Kuo) អ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្បីឈ្មោះ និងមានទំនុកចិត្តខ្ពស់បំផុតរបស់ Apple បានបញ្ជាក់តាមរយៈការអង្កេតឧស្សាហកម្មចុងក្រោយថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ (គិតត្រឹមដាច់ខែកញ្ញា) ចំនួនគ្រឿងបង្គុំស្មាតហ្វូនអេក្រង់បត់ iPhone Fold ដែលអាចដំឡើង និងដឹកជញ្ជូនបាន គឺមានត្រឹមតែចន្លោះពី ៥០០,០០០ ទៅ ១,០០០,០០០ គ្រឿង ប៉ុណ្ណោះ។ ចំនួនដ៏តិចតួចស្តើងនេះ គឺស្មើនឹងប្រមាណតែ ១០% នៃទំហំផលិតកម្មសរុបដែល Apple គ្រោងទុកសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ (ប្រមាណ ៧ ទៅ ១០ លានគ្រឿង)។
កត្តានេះបង្ហាញថា ទិន្នផលផលិតកម្ម (Yield Rate) នៃអេក្រង់បត់កម្រិតខ្ពស់ និងគន្លឹះបត់បំបាត់ស្នាម (Crease-free Hinge) ដែលបច្ចុប្បន្នត្រូវបានផលិតឡើងក្នុងខ្នាតធំដោយក្រុមហ៊ុន Samsung Display នៅតែជួបប្រទះភាពស្មុគស្មាញ និងបញ្ហាបច្ចេកទេសច្រើន ដែលធ្វើឱ្យការផ្គត់ផ្គង់ដំបូងមិនទាន់អាចឆ្លើយតបនឹងស្តង់ដារតឹងរ៉ឹងរបស់ Apple បានលឿននោះទេ។
ស្ថានភាពបែបនេះ ធ្លាប់បានកើតឡើងរួចម្តងមកហើយកាលពីឆ្នាំ២០១៧ នៅពេលដែលអតីតនាយកប្រតិបត្តិលោក ធីម ឃុក (Tim Cook) បានប្រកាសចេញទូរស័ព្ទបដិវត្តន៍អេក្រង់ឆ្នៀល iPhone X រួមគ្នាជាមួយ iPhone 8 ក្នុងខែកញ្ញា ប៉ុន្តែការបើកលក់ពិតប្រាកដរបស់ iPhone X ត្រូវបានរុញទៅដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារបញ្ហាផលិតកម្មប្រព័ន្ធកាមេរ៉ាស្កេនមុខ TrueDepth។
ទោះបីជាទូរស័ព្ទបត់លំដាប់កំពូលនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងមានតម្លៃថ្លៃកប់ពពកចាប់ពី ២,៣០០ ដុល្លារ ទៅ ២,៥០០ ដុល្លារអាមេរិក ក៏ដោយ ក៏ក្រុមអ្នកជំនាញជឿជាក់ថា តម្រូវការទីផ្សារពីសំណាក់អ្នកគាំទ្រ Apple នៅតែមានកម្រិតខ្ពស់ខ្លាំង។ លោក មីង ជីគូ បានបន្ថែមការព្រមានថា ភ្លាមៗបន្ទាប់ពី Apple បើកឱ្យដំណើរការកម្មវិធីកក់ទិញ វានឹងត្រូវលក់ដាច់អស់ពីស្តុក (Sold out) ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយរយៈពេលរង់ចាំដឹកជញ្ជូន (Delivery Lead Time) នឹងត្រូវអូសបន្លាយវែងរហូតដល់ចន្លោះពី ៤ ទៅ ៦ សប្តាហ៍ ឬលើសពីនេះ ដែលស្ថានភាពខ្វះខាតនេះអាចនឹងអូសបន្លាយទៅដល់ត្រីមាសទី១ ឆ្នាំ២០២៧ ឯណោះ៕






