ព័រទុយហ្គាល់ លេងមិនឈ្នះអេស្ប៉ាញ ទាល់តែសោះពីប្រវត្តិជួបគ្នា ៦លើកនៅ World Cup, ចុះរាត្រីនេះវិញ?

06-07-2026 13:13

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ មិនដែលមានប្រវត្តិលេងឈ្នះអេស្ប៉ាញឡើយ ពីការជួបគ្នា ៦លើក ក្នុងពានរង្វាន់ជើងឯកពិភពលោក FIFA World Cup អស់ណាស់ត្រឹមស្មើតែប៉ុណ្ណោះ។

ក្រុមជើងខ្លាំងនៅអឹរ៉ុបទាំងពីរ នឹងត្រូវប្រឈមមុខដាក់គ្នាក្នុងវគ្គ ១៦ក្រុមនៃ World Cup 2026 ចាប់ផ្តើមនាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ដែលជាលើកទី៧ ផងដែរនៅកម្មវិធីលេងរៀងរាល់ ៤ឆ្នាំម្តង។

ទោះជាយ៉ាងណា ព័រទុយហ្គាល់បានវាយបកតាមស្មើ ៣-៣ ចុងក្រោយទល់នឹងអេស្ប៉ាញកាលនៅ World Cup 2018 ក្នុងប្រទេសរុស្ស៊ី និងលេងស្មើ ២-២ ម្តងទៀតកាល World Cup ឆ្នាំ១៩៥០ និងក្រៅពីនោះចាញ់ទាំងអស់។

គោជល់អេស្ប៉ាញ អតីតជើងឯក World Cup 2010 នៅប្រទេសអាហ្រ្វិកខាងត្បូង និងទើបឈ្នះពានជើងឯកអឺរ៉ុប UEFA Euro 2024 លេងមិនចាញ់ឡើយ ក្រោយឆ្លងកាត់ ៤ប្រកួតមកនេះ ក្រៅពីស្មើ១ និងឈ្នះ ៣លើក និងពុំទាន់មានក្រុមណាមួយទាត់បញ្ចូលទីរបស់ពួកគេបានផងដែរ ដែលបានប៉ះកាប់វ៉េ អារ៉ាប៊ីសាអូឌីត អ៊ុយរូហ្គាយ និងចុងក្រោយបំបាក់អូទ្រីស ៣-០ ក្នុងវគ្គ ៣២ក្រុម។

ចំណែកឯព័រទុយហ្គាល់វិញ លេង ៤ប្រកួតនៅ World Cup 2026 ធ្វើនៅតំបន់អាមេរិកខាងជើង ឈ្នះ២ និងស្មើ២ និងជាពិសេសបានវាយបកទម្លាក់ក្រុមលេខ៣ កាល World Cup 2022 ក្រូអាត ២-១ ចុងម៉ោងទៀតផងពីក្នុងវគ្គ ៣២ក្រុម។

ក្រុមរបស់ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo មួយនេះ ហាក់មានភាពត្រដាបត្រដួសក្នុងការឡើងមកកាន់វគ្គ ១៦ក្រុម ដែលត្រូវប៉ះជើងខ្លាំងអេស្ប៉ាញ ដែលប្រើប្រាស់កីឡាករភាគច្រើនក្មេងៗ ដោយសំអាងលើលទ្ធផលលេងមិនឈ្នះកុងហ្គោ មកពីតំបន់អាហ្រ្វិកនៅថ្ងៃបើកឆាក និងបំបាក់ក្រុមនៅអាស៊ី អ៊ូសបេគីស្ថាន ៥-០ មុនពេលស្មើ ០-០ ទល់នឹងកូឡុំប៊ី និងឈ្នះក្រូអាត ២-១ វគ្គ ៣២ក្រុម៕