សាលាអន្តរជាតិ ចុងអុីង បញ្ជូនសិស្សទៅទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងផ្នត់គំនិតសកល

06-07-2026 13:30

(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃសាលាអន្តរជាតិ ចុងអុីង បានអញ្ជើញចូលរួមជូនដំណើរសិស្សានុសិស្ស ដែលចេញទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងចំណេះដឹង បទពិសោធន៍អន្តរជាតិ និងអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អនាគត។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ សិស្សានុសិស្សនឹងចូលរួមកម្មវិធីបណ្តុះបណ្តាលលើប្រធានបទជាច្រើន រួមមាន ភាពជាអ្នកដឹកនាំ ភាពជាសហគ្រិន ការរៀបចំផែនការអាជីវកម្ម ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញធ្វើបទបង្ហាញ ព្រមទាំងសិក្ខាសាលាស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញដែលចាំបាច់សម្រាប់ពិភពការងារនាពេលអនាគត។

លើសពីនេះ សិស្សានុសិស្សក៏នឹងមានឱកាសធ្វើទស្សនកិច្ចសិក្សានៅ សាកលវិទ្យាល័យ Queensland ស្នាក់នៅជាមួយគ្រួសារជនជាតិអូស្ត្រាលី និងស្វែងយល់ដោយផ្ទាល់អំពីវប្បធម៌ របៀបរស់នៅ និងប្រព័ន្ធអប់រំរបស់ប្រទេសអូស្ត្រាលី ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួន។

សាលាអន្តរជាតិ ចុងអុីង ជឿជាក់ថា កម្មវិធីទស្សនកិច្ចសិក្សានេះ នឹងរួមចំណែកលើកកម្ពស់ទំនុកចិត្តលើខ្លួនឯង ជំនាញទំនាក់ទំនង ការងារជាក្រុម ភាពជាអ្នកដឹកនាំ និងផ្នត់គំនិតសកលរបស់សិស្សានុសិស្ស តាមរយៈការសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នៅក្នុងបរិយាកាសអន្តរជាតិ។

ក្នុងឱកាសនៃការជូនដំណើរនេះ លោកឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ក៏បានផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ស្វែងយល់ពីបទពិសោធន៍ថ្មីៗ និងតំណាងឱ្យសាលា និងប្រទេសកម្ពុជាប្រកបដោយភាពថ្លៃថ្នូរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី៕⁩