FIFA ធ្លាប់អនុញ្ញាតកីឡាករទទួលកាតក្រហមចូលលេង ២ករណីមកហើយ មិនត្រឹមតែកីឡាករអាមេរិកពេលនេះទេ

06-07-2026 15:10

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ធ្លាប់អនុញ្ញាតកីឡាករទទួលបានកាតក្រហមចូលលេង បានធម្មតានៅ World Cup ២លើករួចមកហើយ ពោលគឺនៅឆ្នាំ២០២៥ និងឆ្នាំ១៩៦២ មិនចំពោះតែខ្សែប្រយុទ្ធ Folarin Balogun របស់សហម្ចាស់ផ្ទះអាមេរិកពេលនេះទេ។

ពីគេហទំព័រ The Guardian បានចេញផ្សាយថា មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេល FIFA ដកបម្រាមព្យួរជើង ១ប្រកួត ចំពោះ Balogun នឹងអាចចូលលេងបានធម្មតាទល់នឹងប៊ែលហ្ស៊ិកក្នុងវគ្គ ១៦ក្រុមនាម៉ោង ៧ព្រឹកស្អែកនេះនៅ World Cup 2026 បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានទូរសព្ទប្តឹងទៅសហព័ន្ធខាងលើ។

ហេតុការណ៍នេះបានដឹងកាន់តែជាក់ច្បាស់ នៅពេលលោក Donald Trump បានបង្ហោះសារនៅលើបណ្តាញសង្គមថា «សូមអរគុណ FIFA ចំពោះការធ្វើរឿងដ៏ត្រឹមត្រូវនាពេលនេះ ជាមួយនឹងការសម្រេចចិត្តដ៏អស្ចារ្យផងដែរ»

Balogun ដែលត្រូវបានជ្រើសរើសចេញពីក្លិប Monaco របស់បារាំងរូបនេះ ត្រូវបានអាជ្ញាកណ្តាល Raphael Claus ពិន័យកាតក្រហមតែម្តង (straight red card) ក្រោយពិនិត្យ VAR ដោយសារបង្កកំហុសជាទម្ងន់ តាមរយៈជាន់កជើងខ្សែការពារ Tarik Muharemovic របស់បូស្នៀនៃការប្រកួតវគ្គ ៣២ក្រុមកាលពីថ្ងៃពុធសប្តាហ៍មុន។

យោងតាមច្បាប់នៃក្រមវិន័យ FIFA ត្រង់មាត្រា២៧ «កីឡាករទទួលបានកាតក្រហម ត្រូវដកបញ្ឈរពី ១-៣ប្រកួត ទៅតាមប្រភេទកំហុសជាក់ស្តែងផងដែរ»

ករណីនេះ ក្រោយការប្រកួត ២ថ្ងៃ FIFA ក៏បានប្រកាសពីការដកបញ្ឈរជើង Balogun ១ប្រកួតជាផ្លូវការ ពោលគឺ កីឡាករវ័យ ២១ឆ្នាំរូបនេះ នឹងមិនអាចចូលលេងបានឡើយ ពេលសហម្ចាស់ផ្ទះអាមេរិក ប៉ះបិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិក ក្នុងវគ្គ ១៦ក្រុមនាព្រឹកថ្ងៃអង្គារស្អែកនេះ ដោយពុំមានការប្តឹងជំទាស់ពីសហព័ន្ធបាល់ទាត់អាមេរិកទៀតផង។

ករណីកាតក្រហមនេះដែរ Cristiano Ronaldo ដែលត្រូវអវត្តមាន ២ប្រកួតបើកឆាកជាមួយព័រទុយហ្គាល់នៅ World Cup 2026 ក៏បានចូលលេងធម្មតា នៅពេលខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ ត្រូវរងពិន័យ ៣ប្រកួតពីការពិន័យកាតក្រហម កាលបច្ចខែលលេងទល់នឹងសាធារណរដ្ឋអៀរឡង់វគ្គជម្រុះ World Cup កាលខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោយមក Ronaldo ត្រូវបានដកបញ្ឈរជើងតែ ១ប្រកួតវិញ ពោលគឺមិនអាចចូលលេងបានឡើយ ពេលព័រទុយហ្គាល់ ពើបប្រទះនឹងអាល់មេនី និងត្រូវបានគេមើលឃើញថា CR7 ជាភ្ញៀវពិសេសរបស់លោកត្រាំ ក្នុងជំនួបនៅឯសេតវិមាន មុនពេលទណ្ឌកម្មត្រូវបានលើកលែង។

១ករណីទៀតកាល World Cup 1962 តារាឆ្នើម Garrincha របស់សាំបាប្រេស៊ីល នៅតែអាចចូលលេងទល់នឹងឆេកូស្លូវ៉ាគីបានដដែល ដោយពួកគេបានយកឈ្នះ ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទាំងតែខ្លួនបានពិន័យកាតក្រហមដែរនោះ។

ប្រភពជាច្រើនបានលួចប្រាប់ Guardian ថា លោកត្រាំ បានទូរសព្ទទៅ FIFA ៣លើក ពោលគឺចាប់តាំងពីថ្ងៃពុធមក ដើម្បីធានានូវការផ្លាស់ប្តូរទណ្ឌកម្មនេះ នៅពេលសេតវិមាន និង FIFA មិនបកស្រាយអ្វីទាំងអស់៕