ផ្សារទំនើបឡាក់គី សហការជាមួយស្ថានទូតអូស្ត្រាលី រៀបចំយុទ្ធនាការ «Taste of Australia 2026» នាំយកផលិតផលគុណភាពខ្ពស់ពីអូស្ត្រាលីមកកាន់អតិថិជនកម្ពុជា

06-07-2026 17:28

(ភ្នំពេញ)៖ ផ្សារទំនើបឡាក់គី សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ «Taste of Australia 2026» ដោយនាំមកជូនអតិថិជននូវជម្រើសផលិតផលអាហារ និងភេសជ្ជៈគុណភាពខ្ពស់ពីប្រទេសអូស្ត្រាលី ដែលដាក់លក់នៅតាមសាខាផ្សារទំនើបឡាក់គីចំនួន ១០ ទីតាំង ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

យុទ្ធនាការនេះ បង្ហាញពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលី ក្នុងការផលិតអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងប្រកបដោយនិរន្តរភាព ព្រមទាំងផ្តល់ឱកាសឱ្យអ្នកប្រើប្រាស់នៅកម្ពុជា អាចទិញផលិតផលម៉ាកល្បីៗរបស់អូស្ត្រាលីបានកាន់តែងាយស្រួល។

ក្នុងចំណោមផលិតផលដែលត្រូវបានដាក់តាំងលក់ មានដូចជា ផលិតផលទឹកដោះគោ Meadows សាច់គោអូស្ត្រាលីម៉ាក Stanbroke គ្រឿងទេស ភេសជ្ជៈ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀត ដែលសុទ្ធសឹងតែជាផលិតផលមានគុណភាព និងទទួលបានការជឿទុកចិត្តពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។

កម្មវិធីប្រូម៉ូសិននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រយុទ្ធនាការប្រចាំឆ្នាំ «Taste of Australia» របស់ស្ថានទូតអូស្ត្រាលី ដែលមានគោលបំណងលើកកម្ពស់ឧស្សាហកម្មអាហារ និងភេសជ្ជៈរបស់អូស្ត្រាលី ព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងកម្ពុជា។

ក្នុងពិធីបើកសម្ពោធយុទ្ធនាការនេះ ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ «យុទ្ធនាការ Taste of Australia គឺជានិមិត្តរូបនៃការចែករំលែកនូវភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃកសិផលអូស្ត្រាលី ជូនដល់មិត្តភក្តិរបស់យើងនៅកម្ពុជា។ ចាប់ពីកសិដ្ឋាន ការនេសាទ រហូតដល់ចម្ការទំពាំងបាយជូរ និងអ្នកផលិតដោយសិប្បកម្ម ផលិតផលរបស់អូស្ត្រាលីត្រូវបានទទួលស្គាល់ជាសកលទាំងផ្នែកគុណភាព សុវត្ថិភាព និងការផលិតប្រកបដោយនិរន្តរភាព។ កម្ពុជានាំចូលផលិតផលកសិកម្ម និងអាហារពីប្រទេសអូស្ត្រាលីក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអូស្ត្រាលីជារៀងរាល់ឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការដ៏ខ្លាំងក្លាចំពោះផលិតផលអូស្ត្រាលី»

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ផ្សារទំនើបឡាក់គី បន្តពង្រីកការនាំចូលផលិតផលអន្តរជាតិដែលមានគុណភាពខ្ពស់ ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសទំនិញកាន់តែសម្បូរបែប និងភាពងាយស្រួលក្នុងការទិញផលិតផលពីម៉ាកល្បីៗដែលមានគុណភាព និងភាពជឿជាក់ពីប្រទេសអូស្ត្រាលី។

សូមបញ្ជាក់ថា យុទ្ធនាការ «Taste of Australia 2026» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអតិថិជនអាចស្វែងរកផលិតផលអូស្ត្រាលីជាច្រើនប្រភេទ ព្រមទាំងទទួលបានកម្មវិធីប្រូម៉ូសិន និងការផ្តល់ជូនពិសេសៗ នៅតាមសាខាផ្សារទំនើបឡាក់គីដែលបានកំណត់៕⁩