អង់គ្លេស ពិចារណាប្តឹង FIFA រឿងពិន័យកាតក្រហមខ្សែការពារ Quansah ដែលប្រឈមបម្រាម ២ប្រកួត
07-07-2026 11:26
(បរទេស)៖ សហព័ន្ធបាល់ទាត់អង់គ្លេស FA បានកំពុងពិចារណាប្តឹងទៅ FIFA ផងដែរ ករណីពិន័យកាតក្រហម ខ្សែការពារ Jarell Quansah របស់ពួកគេនៅអំឡុងប្រកួតឈ្នះម្ចាស់ផ្ទះមិចស៊ិក ៣-២ កាលពីថ្ងៃចន្ទម្សិលមិញក្នុងវគ្គ ១៦ក្រុមនៃ World Cup 2026។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែការពារមកពីក្លិបអាល្លឺម៉ង់ Bayer Leverkusen អាចរងទណ្ឌកម្ម ២ប្រកួតផងដែរ ក្រោយបង្កកំហុសធ្ងន់ធ្ងរទៅលើគូប្រជែង Jesus Gallardo រហូតទទួលបានកាតក្រហម (red card) ភ្លាមៗ។
ការពិចារណាប្រឆាំងតបតនេះដែរពីសំណាក់ FA ក្រោយមើលឃើញខ្សែប្រយុទ្ធ Folarin Balogun ដែលទទួលបានកាតក្រហមដូចគ្នានោះ ត្រូវបានលើកលែង និងព្យួរកាតក្រហមបណ្តោះអាសន្នសិន ក្រោយមានការអន្តរាគមន៍ពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ។
លោក ត្រាំ បានស្នើឱ្យ FIFA ពិនិត្យឡើងវិញពីករណីព្យួរ ១ប្រកួតទៅលើ Bolagun ដ្បិតខ្សែប្រយុទ្ធរូបនេះបានទទួលកាតក្រហមភ្លាមៗ ដោយសារបង្កកំហុសធ្ងន់ធ្ងរទៅលើខ្សែការពារក្រុមបូស្នៀកាលប្រកួតវគ្គ ៣២ក្រុម ដែលសហរដ្ឋអាមេរិកបានបំបាក់ ២ទល់នឹង០ នោះ។
ករណីនេះបានកំពុងធ្វើឱ្យភាពស្រស់ស្អាតនៃបាល់ទាត់មានភាពអាប់អួរ ដោយសារតែការលូកដៃពីសំណាក់ភាគីទី៣ ជាពិសេសឡាយឡំនឹងនយោបាយជាដើម ខុសច្បាប់នៃបាល់ទាត់ដែលបានចែង ក្នុងរយៈពេលជិត ១០០ឆ្នាំមកនេះ។
តោកំណាចអង់គ្លេស អតីតជើងឯក Word Cup តែ ១លើកកាលឆ្នាំ១៩៦៦ ត្រូវប្រឈមមុខនឹងក្រុមនៅអឺរ៉ុបដូចគ្នា ន័រវេស ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុម ធ្វើឡើងនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្ថិតក្នុងទីក្រុង Miami សហរដ្ឋអាមេរិក៕



