វិគីភីឌា (Wikipedia) កំពុងប្រឈមមុខនឹងការវាយប្រហារជុំទិសពីសំណាក់ប្រព័ន្ធ AI, រដ្ឋាភិបាលផ្តាច់ការ និងមហាសេដ្ឋី Elon Musk
07-07-2026 11:29
(ញូយ៉ក)៖ វិគីភីឌា (Wikipedia) ដែលជាឃ្លាំងផ្ទុកចំណេះដឹងសេរី និងឥតគិតថ្លៃដ៏ធំបំផុតនៅលើបណ្តាញអ៊ីនធឺណិត កំពុងតែធ្លាក់ចូលទៅក្នុង «សមរភូមិការពារព្រលឹងនៃប្រព័ន្ធអ៊ីនធឺណិត» យ៉ាងដុនដាប ដោយសារតែការរងការវាយប្រហារ និងគំរាមកំហែងជុំទិស ពីសំណាក់ចរន្តនយោបាយស្តាំនិយមអាមេរិក ដឹកនាំដោយមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk, ការរីកដុះដាលនៃប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលផ្តាច់ការមួយចំនួន។ នេះបើយោងតាមការចុះផ្សាយលម្អិតរបស់សារព័ត៌មានអាមេរិក The New York Times នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦។
របាយការណ៍បានគូសបញ្ជាក់ថា ក្នុងយុគសម័យដែល «ទំនុកចិត្តលើការពិតកំពុងរលាយសាបសូន្យ» ស្ថាប័នប្រមូលផ្តុំទិន្នន័យអាយុកាល ២៥ឆ្នាំមួយនេះ កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរលើ ៣ចំណុចធំៗ ទី១គឺ ការវាយប្រហារពីក្រុមស្តាំនិយម MAGA និង Elon Musk៖ ក្រុមអ្នកនយោបាយស្តាំនិយមអាមេរិក រួមជាមួយលោក Elon Musk បានចោទប្រកាន់វិគីភីឌាថា មាននិន្នាការនយោបាយលំអៀងទៅខាងឆ្វេង និងប្រឆាំងយូដា (Antisemitism) ព្រមទាំងបានចោទសួរដេញដោលជាសាធារណៈលើឋានៈជា «អង្គការមិនស្វែងរកប្រាក់ចំណេញ» របស់ស្ថាប័ននេះទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន xAI របស់លោក Elon Musk ថែមទាំងបានបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយឈ្មោះថា «Grokipedia» ដើម្បីធ្វើជាគូប្រជែង ដោយចោទថា វិគីភីឌាបច្ចុប្បន្នជាឧបករណ៍ផ្សព្វផ្សាយឃោសនា។
ទី២គឺ ការបឺតជញ្ជក់ទិន្នន័យពីសំណាក់ក្រុមហ៊ុន AI៖ បច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្សៗ បានជញ្ជក់យកអត្ថបទជាង ៦៥ លានច្បាប់របស់វិគីភីឌា ទៅបណ្ដុំបណ្ដាលប្រព័ន្ធរបស់ពួកគេ និងបានឆក់យកការចាប់អារម្មណ៍ ព្រមទាំងចំនួនអ្នកចូលទស្សនាពីវិគីភីឌាទៅកាន់ Chatbots វិញ។ ទី៣ គឺ ការធ្វើទុក្ខបុកម្នេញលើអ្នកស្ម័គ្រចិត្ត៖ រដ្ឋាភិបាលនៃប្រទេសផ្តាច់ការ និងបង្ក្រាបសិទ្ធិសេរីភាពមួយចំនួន បានចាប់ខ្លួន និងបញ្ជូនក្រុមអ្នកកែសម្រួលស្ម័គ្រចិត្ត (Volunteer Editors) របស់វិគីភីឌា ទៅកាន់មន្ទីរឃុំឃាំង និងជំរុំការងារធ្ងន់ធ្ងរ ដោយសារតែពួកគេសរសេរការពិតមិនស្របតាមការចង់បានរបស់រដ្ឋាភិបាល។
ដើម្បីឆ្លើយតបនឹងវិបត្តិដ៏ស្រួចស្រាលនេះ អង្គការសប្បុរសធម៌ដែលគាំទ្រគេហទំព័រនេះ គឺមូលនិធិ Wikimedia Foundation បានសម្រេចចិត្តបោះជំហានវាយបកវិញយ៉ាងខ្លាំងក្លា ដោយការបង្កើនកញ្ចប់ថវិកាសម្រាប់កិច្ចការបញ្ចុះបញ្ចូល និងការទិញផ្ទាំងផ្សាយពាណិជ្ជកម្មធំៗនៅទីលាន Times Square។ បន្ថែមពីនេះ វិគីភីឌាបានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រ «គិតលុយ» ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google និង Meta ដែលយកទិន្នន័យរបស់ខ្លួនទៅប្រើប្រាស់ក្នុងខ្នាតធំ ព្រមទាំងបង្កើតការរឹតត្បិតលើប្រព័ន្ធបឺតទិន្នន័យ (Scrapers) មួយចំនួន។
ចំណុចគួរឱ្យកត់សម្គាល់បំផុតនោះគឺ ដើម្បីដឹកនាំទូកក្នុងសមរភូមិដ៏ស្មុគស្មាញនេះ មូលនិធិ Wikimedia កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ បានសម្រេចចិត្តតែងតាំងលោកស្រី Bernadette Meehan អាយុ ៥០ឆ្នាំ ឱ្យកាន់តំណែងជានាយកប្រតិបត្តិ (CEO) ថ្មី។ លោកស្រី គឺជាអតីតអ្នកការទូតអាជីព និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឈីលី ព្រមទាំងធ្លាប់បំពេញការងារនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) និងធ្លាប់ចូលរួមចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏តានតឹងជាមួយប្រទេសអ៊ីរ៉ង់ផងដែរ។
ក្រុមអ្នកវិភាគបានវាយតម្លៃថា ការជ្រើសរើសអ្នកការទូតជើងចាស់ម្នាក់ឱ្យមកគ្រប់គ្រងគេហទំព័រដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតមួយក្នុងចំណោមគេហទំព័រទាំង ១០ លើពិភពលោក គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ ក្នុងការប្រើប្រាស់ឥទ្ធិពលការទូតអន្តរជាតិ ដើម្បីការពារសិទ្ធិ និងសេរីភាពរបស់ក្រុមអ្នកកែសម្រួលស្ម័គ្រចិត្តទូទាំងពិភពលោក ពីការធ្វើទុក្ខបុកម្នេញពីរដ្ឋអំណាចនានា៕







