ភ្នំពេញក្រោន ខិតជិតបំពេញកូតាកីឡាករបរទេស ៧រូប ត្រៀមរដូវកាលថ្មីមុនគេ

07-07-2026 11:33

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានអ្នកគាំទ្រមើលឃើញជាក្លិបខិតជិតបំពេញកូតាកីឡាករបរទេសរួចរាល់មុនគេ សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) អនុញ្ញាតឲ្យចុះឈ្មោះរហូតដល់ ៧នាក់។

បន្ទាប់ពីធ្វើការរុះរើទ្រង់ទ្រាយធំ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ក្រុមសិង្ហក្រហមខាងលើបានចាប់ផ្ដើមនាំសមាជិកថ្មីជាបណ្ដើរៗ ពិសេសកីឡាករបរទេស ដែលពួកគេទើបនាំខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Guytho Mijland អតីតសមាជិកក្លិបអង្គរថាយហ្គឺរ និងខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិអង់គ្លេស Callum Timmins ដែលខ្ចីជើង ១ឆ្នាំពីក្លិប Perth Glory នៃលីគកំពូលអូស្ដ្រាលី។

បន្ថែមលើកីឡាករបរទេស ៤រូប រួមមានខ្សែការពារសញ្ជាតិរ៉ូម៉ានី Raul Feher, ខ្សែការពារសញ្ជាតិហូឡង់ Rick Ketting និងខ្សែបម្រើសញ្ជាតិអ៊ុយក្រែន Valeriy Hryshyn ដែលភ្នំពេញក្រោន ទើបប្រកាសបន្ដកិច្ចសន្យា និងខ្សែប្រយុទ្ធណូវែលហ្សេឡង់ Moses Dyer ដែលសល់កិច្ចសន្យា ១រដូវកាលទៀតនោះ បច្ចុប្បន្នអតីតក្រុមជើងឯកលីគ ៨សម័យនេះ មានកីឡាករបរទេស ៦រូបក្នុងដៃ។

ទន្ទឹមជាមួយគ្នា ក៏មានព័ត៌មានចរចាមអារ៉ាមពីការត្រៀមនាំចូលខ្សែការពារបរទេស ១រូបទៀត ដែលមានបទពិសោធន៍លេងក្នុងលីគកំពូលកម្ពុជាកាលពីរដូវកាលមុន។ តាមរយៈនេះ ភ្នំពេញក្រោនត្រូវបានគេចាត់ទុកជាក្រុមឆ្ពោះទៅរកការត្រៀមរួចរាល់មុនគេ កំឡុងពេល Pre-Season ដើម្បីត្រៀមស្វាគមន៍រដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ។

សូមរំឮកថា សម្រាប់រដូវកាលថ្មីឆ្នាំ២០២៦/២៧ នឹងត្រូវអនុវត្តច្បាប់ថ្មី នៃការប្រើប្រាស់កូតាកីឡាបរទេស។ យោងតាមការជូនដំណឹងរបស់ CPL កាលពីចុងខែមីនាកន្លងទៅ លីគរដូវកាលថ្មី ក្លិបនីមួយៗអាចចុះឈ្មោះកីឡាករបរទេសបានរហូតដល់ ៧នាក់ និងចុះបញ្ជីឈ្មោះចាប់ផ្ដើមការប្រកួតបាន ៦នាក់ ខណៈអាចដាក់លេងលើទីលានបាន ៥នាក់ បូកកីឡាករទទួលបានសញ្ជាតិខ្មែរម្នាក់៕