TESOL House របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចុះអនុស្សារណៈយោគយល់ជាមួយ EDPUB (Cambodia) ដើម្បីពង្រីកឱកាសអភិវឌ្ឍសមត្ថភាព

07-07-2026 16:33

(ភ្នំពេញ)៖ TESOL House ដែលជាកម្មវិធីមួយស្ថិតនៅក្រោមមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE), គឺជាគ្រឹះស្ថានលេចធ្លោមួយក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ លើជំនាញទំនាក់ទំនង ភាពល្អឯងនៃការផ្ដល់សេវាកម្ម ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពការងារ។

ចំណែកឯ DTP Solutions Cambodia ដែលស្ថិតនៅក្រោមក្រុមហ៊ុន EDPUB (Cambodia) គឺជាអ្នកផ្គត់ផ្គង់នាំមុខមួយលើសម្ភារឧបទេស និងកម្មវិធីបង្រៀនភាសាអង់គ្លេសសម្រាប់សាលារៀនរួមមាន៖ ឧបករណ៍បច្ចេកវិទ្យាសម្រាប់សិស្ស និងគ្រូ កម្មវិធីកុំព្យូទ័រ សៀវភៅសិក្សា កម្មវិធីសិក្សា និងសៀវភៅណែនាំសម្រាប់គ្រូ, នៅក្នុងប្រទេសកម្ពុជា។ ស្ថាប័នទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យអប់រំនៅកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន EDPUB (Cambodia) និងសាលារៀនជាដៃគូ នឹងទទួលបានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនរបស់ TESOL House ដូចជា វគ្គរៀបចំផែនការកម្មវិធីសិក្សា ការគ្រប់គ្រងសាលារៀន ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងជំនាញទន់សម្រាប់បង្កើនប្រសិទ្ធភាពការងារ។ លើសពីនេះ គ្រឹះស្ថានសិក្សាដែលចូលរួម នឹងទទួលបានការផ្តល់ជូនតម្លៃពិសេសជាដៃគូ សម្រាប់វគ្គបណ្តុះបណ្តាលមួយចំនួនផងដែរ។

លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានឲ្យដឹងថា៖ «កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រីកវិសាលភាព របស់Aii ក្នុងចំណោមសហគមន៍អ្នកអប់រំ។ ហេតុដូច្នេះ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ EDPUB ដើម្បីនាំយកការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដ៏មានន័យ ជូនដល់លោកគ្រូ-អ្នកគ្រូ និងគ្រឹះស្ថានសិក្សាកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា»

លោក ទូច ពុទ្ធី អគ្គនាយកនៃក្រុមហ៊ុន EDPUB (Cambodia) បានបង្ហាញការគាំទ្រចំពោះទស្សនវិស័យមួយនេះ ដោយបានគូសបញ្ជាក់ពីតម្លៃនៃការរួមកម្លាំងជាមួយគ្រឹះស្ថានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជា TESOL House របស់ Aii ជាដើមលើវិធីសាស្ត្របណ្តុះបណ្តាល ដែលជំរុញផលិតភាពការងារ និងស្របតាមបរិស្ថានការងារនៅពេលបច្ចុប្បន្ន។ កិច្ចសហការនេះក៏នឹងបើកផ្លូវសម្រាប់គម្រោងរួមគ្នានាពេលអនាគត និងការដៅយុទ្ធសាស្ត្ររយៈពេលវែងរវាងស្ថាប័នទាំងពីរផងដែរ។

លើសពីនេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ក៏បានឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មីចុងក្រោយមួយទៀតរបស់ TESOL House ក្នុងបេសកកម្មគាំទ្រដល់អ្នកដឹកនាំ និងអ្នកជំនាញជំនាន់ក្រោយរបស់កម្ពុជា តាមរយៈការផ្តល់សេវាកម្មជូន DTP Solutions Cambodia។

សេវាកម្មទាំងនោះមានដូចជា ការរៀបចំផែនការមេរៀននិងការបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ការបណ្ដុះបណ្ដាលដោយគ្រូដែលមានជំនាញច្បាស់លាស់ ការសហការផ្សព្វផ្សាយពីគម្រោងរួម និងការបណ្តុះបណ្តាលជំនាញឯកទេស ដល់លោកគ្រូ-អ្នកគ្រូនៅទូទាំងប្រទេសកម្ពុជា ជាពិសេសលោកគ្រូ-អ្នកគ្រូនៅតាមបណ្តាខេត្ត។

ឈរលើភាពជាដៃគូនេះ TESOL House និង EDPUB (Cambodia) ប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលនានា។ តាមរយៈការបំពាក់បំប៉នលោកគ្រូ-អ្នកគ្រូ និងគ្រឹះស្ថានសិក្សានូវជំនាញជាក់ស្តែង និងការបណ្តុះបណ្តាលចំគោលដៅ កិច្ចសហការនេះមានគោលបំណងរួមចំណែកដល់ការរីកចម្រើនរយៈពេលវែងនៃវិស័យអប់រំនៅកម្ពុជា និងការកសាងធនធានដែលមានសមត្ថភាពខ្ពស់សម្រាប់ទីផ្សារការងារ៕