សាលាអាមេរិកាំងហ្គោលឌិនហ្គេត ប្រគល់ពានរង្វាន់ និងមេដាយ ដល់ជ័យលាភីកម្មវិធីប្រឡងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត​លើកទី៥ (GGAMC)​ ជាង២៦០នាក់ (Video inside)

07-07-2026 17:41

(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់ពានរង្វាន់ មេដាយ បណ្ណសរសើរ និងលិខិតសរសើរ ព្រមទាំងអាហារូបករណ៍ជូនដល់សិស្សានុសិស្សជ័យលាភី ប្រមាណជាង២៦០នាក់ ក្នុងកម្មវិធីប្រឡងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត (GGAMC) លើកទី៥ របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពី មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

កម្មវិធីប្រឡងគណិតវិទ្យា GGAMC លើកទី៥ នេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំរុញសមត្ថភាពសិស្សានុសិស្សក្នុងមុខវិជ្ជាគណិតវិទ្យា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ ការប្រកួតនេះមិនត្រឹមតែជាវេទិកាមួយសម្រាប់សិស្សបង្ហាញទេពកោសល្យ និងចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីពង្រឹងស្មារតីប្រកួតប្រជែង និងការគិតវិភាគផងដែរ។
កម្មវិធីប្រកួតគណិតវិទ្យា GGAMC ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាចាប់ពីកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី១១។ ដំណើរការប្រកួតបានចាប់ផ្តើមដោយវគ្គជម្រុះអនឡាញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដែលមានសិស្សចូលរួមសរុប ៧១០ នាក់។ ជាលទ្ធផល សិស្សានុសិស្សចំនួន ៤៧២ នាក់ បានប្រឡងជាប់វគ្គជម្រុះ។ សម្រាប់ការប្រឡងវគ្គផ្តាច់ព្រ័ត្រមានសិស្សានុសិស្សចូលរួមចំនួន ៣១១ នាក់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។

ផ្អែកលើលទ្ធផលផ្លូវការនៃការប្រកួត GGAMC 2026 ជ័យលាភីសរុបមាន ២៦១រូប ក្នុងនោះមាន មេដាយមាសចំនួន ១៣៩រូប, មេដាយប្រាក់ចំនួន ៦៤ រូប, និងមេដាយសំរឹទ្ធចំនួន ៥៨រូប។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីកម្រិតសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ក៏ដូចជាគុណភាពនៃការបង្រៀន និងការយកចិត្តទុកដាក់របស់លោកគ្រូ-អ្នកគ្រូ។
1m​
​ឧកញ៉ា ហេង តុលា អនុប្រធានក្រុមប្រឹក្សាភិបាលនៃ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានគូសបញ្ជាក់ថា ​ភាពជោគជ័យនៃកម្មវិធីប្រឡងគណិតវិទ្យា GGAMC លើកទី៥ នេះ មិនត្រឹមតែជាសក្ខីភាពនៃសមត្ថភាពរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេតក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនស្របតាមស្តង់ដារអន្តរជាតិ។សាលានឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ជាសសរស្តម្ភដ៏រឹងមាំក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។​

លោកបានឱ្យដឹងផងដែរថា ក្រៅពី​ផ្តល់នូវកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ​បានជំរុញយ៉ាងសកម្មនូវការប្រកួតប្រជែងសមត្ថភាពរបស់សិស្សានុសិស្សផងដែរ។ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន សាលាបានដឹកនាំសិស្សានុសិស្សឆ្នើមចំនួន ៣៣៣ នាក់ ទៅចូលរួមប្រកួតក្នុងកម្មវិធីជាតិ និងអន្តរជាតិធំៗជាច្រើន។ តាមរយៈការចូលរួមទាំងនោះ សិស្សានុសិស្សរបស់សាលាបានដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ សរុបចំនួន ៤៧៧ គ្រឿង និងពានរង្វាន់ចំនួន ១៤ គ្រឿង ជូនជាតិមាតុភូមិកម្ពុជា ដែលជាមោទនភាពដ៏ធំធេងស​ម្រាប់សាលា និងប្រទេសជាតិ។

​​លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា​ បានសម្តែងការអប់អរសាទរចំពោះម្ចាស់ជ័យលាភីកម្មវិធីប្រឡងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត​លើកទី៥​ និងបានកោតសរសើរចំពោះសាលាអាមេរិកាំងហ្គោលឌិនហ្គេត​ដែលបានរៀបចំកម្មវិធីប្រឡងគណិតវិទ្យានេះឡើង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានាបានបញ្ចេញសមត្ថភាព។

លោកស្រីបានគូសបញ្ជាក់ថា ការប្រកួតប្រជែងពិតជាមានសារៈសំខាន់ណាស់ មិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីគុណភាពអប់រំរបស់សាលា គ្រូបង្រៀន និងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ផងដែរ។ ទន្ទឹមគ្នា វាជាកម្លាំងចលករមួយក្នុងការជំរុញការសិក្សា និងលើកកម្ពស់គុណភាពអប់រំ​ ព្រមទាំងបណ្តុះកំណើនធនធានមនុស្ស ស្របតាមចក្ចុវិស័យរបស់រាជរដ្ឋាភិបាល។

​​ការរៀបចំកម្មវិធីប្រឡងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេតនេះ ទទួលបានការគាំទ្រ ពីអាណាព្យាបាលសិស្សផងដែរ។ លោក ញេប ណាវិន អាណាព្យាបាលរបស់សិស្ស វង្ស សិរី ដែលទទួលបានជ័យលាភី លេខ១ពីការប្រឡងនេះ បានលើកឡើងថា​ ការរៀបចំកម្មវិធីប្រកួតប្រជែងគណិតវិទ្យា ​គឺឱកាសដ៏ល្អសម្រាប់កុលបុត្រ កុលធីតាបញ្ចេញសមត្ថ​ភាព ​​និងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយគណិតវិទ្យាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបណ្ដុះគំនិតបែបវិទ្យាសាស្ត្រក្នុងយុគសម័យបច្ចេកវិទ្យា។

ចំណែក ​លោក ស៊ីង សុភ័ណ្ឌ ដែលជាឪពុករបស់បេក្ខជនជ័យលាភីលេខមួយ ឈ្មោះ សោភ័ណ លីខាយ បាននិយាយថា ការរៀបចំ​រៀបចំកម្មវិធីប្រកួតប្រជែង​នេះ គឺមានសារៈសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយ​​ ដើម្បីជួយពង្រឹងសមត្ថភាពកុមារ ស្របពេល​បច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ​៕