ISI លេងឈុតធំ បន្ដនាំចូលកីឡាករមានបទពិសោធន៍ ៥រូប មកពង្រឹងក្រុមត្រៀមរដូវកាលថ្មី ឆ្នាំ២០២៦/២៧

07-07-2026 22:02

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសនាំចូលកីឡាករមានបទពិសោធន៍ សុទ្ធសឹងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា រហូតដល់ ៥រូប ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី រួមមានកីឡាករ គួច សុកុម្ភៈ, កាន់ ម៉ូ, Yudai Ogawa, ផាន សុផេន និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ។

តាមការបញ្ជាក់របស់តំណាងក្លិបមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានឲ្យដឹងថា ក្នុងចំណោមសមាជិកថ្មីទាំង ៥រូប មាន ៣រូបត្រូវបានផ្ទេរមកកាន់ ISI ក្រោមលក្ខខណ្ឌខ្ចីជើង គឺកីឡាករចាស់វស្សា គួច សុកុម្ភៈ មកពីណាហ្គាវើលដ៏ ព្រមទាំងកីឡាករសញ្ជាតិខ្មែរ-អាហ្វ្រីកខាងត្បូង កាន់ ម៉ូ និង ហ៊ុល គឹមហ៊ុយ មកពីវិសាខា។

ចំពោះកីឡាករចូលសញ្ជាតិ កាន់ ម៉ូ និង Yudai Ogawa វិញ ឆ្លើយតបនឹងលក្ខខណ្ឌប្រកួតរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ មានតែម្នាក់ប៉ុណ្ណោះ ដែលត្រូវលេងក្នុងនាមកូតាកីឡាករបរទេសចូលសញ្ជាតិខ្មែរ នារដូវកាលថ្មី ដោយក្រុមដំរីជ័យ ISI បានផ្ដល់កៅអីនេះដល់កីឡាករជប៉ុនចូលសញ្ជាតិខ្មែរ Yudai Ogawa គ្រាដែល កាន់ ម៉ូ នឹងត្រូវលេងក្នុងនាមកូតាកីឡាករបរទេស។

នេះគឺជាការនាំចូលដ៏គួរឲ្យចាប់អារម្មណ៍ថ្មីមួយទៀត សម្រាប់ក្រុមរហស្សនាមដំរីជ័យ ឬអូនលំផាត បន្ទាប់ពីការតែងតាំលោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងបឹងកេត ជាគ្រូបង្គោលថ្មី បន្ថែមលើការនាំចូលប្រធានក្រុម ធារី ចន្ថាប៊ីន, សេត រ៉ស៊ីប, រីលាភផេង និងអ្នកចាំទីវ័យក្មេង ចន យូរ៉ូ កាលពីថ្មីៗ ដែលធ្វើឲ្យអ្នកគាំទ្រចាត់ទុក ISI នឹងក្លាយជាក្រុមដ៏គ្រោះថ្នាក់មួយ នារដូវកាលថ្មី។

លោក កាំង សេន ប្រធានក្លិបឈរបាតតារាងក្នុងលីគរដូវកាលចាស់ ធ្លាប់បានលើកឡើង នាពេលថ្មីថា ឆ្នាំនេះ គឺជាពេលវេលាដ៏ស័ក្ដិសម សម្រាប់ ISI ក្នុងការចាប់ផ្ដើមកសាងចាក់គ្រឹះឲ្យពិប្រាកដ ក្រោយស្គាល់រាក់ជ្រៅ បន្ទាប់ពីឡើងមកលេងលីគកំពូល ៣រដូវកាល។ ការណ៍នេះ ទើបក្លិបសម្រេចនាំចូលកីឡាករមានបទពិសោធន៍ ដើម្បីរួមគ្នាបុកគ្រឹះ និងសាងសង់ក្លិបឲ្យបានខ្លាំង សម្រាប់ត្រៀមការប្រកួតប្រជែងនារដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ៕