DeepSeek អភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីពង្រឹងឯករាជ្យភាពបច្ចេកវិទ្យាក្នុងស្រុក
08-07-2026 09:35
(បរទេស)៖ យោងតាមប្រភពជិតស្និទ្ធនឹងការអភិវឌ្ឍបន្ទះឈីប AI បានទម្លាយប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមហ៊ុនស្ដាតអាប់ (Startup) ផ្នែកបញ្ញាសិប្បនិម្មិត (AI) ដ៏ល្បីល្បាញរបស់ចិន DeepSeek កំពុងសម្ងំអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន។ ជំហានយុទ្ធសាស្ត្រថ្មីនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការរំពឹងផ្អែកលើបន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Nvidia និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការគំរូ AI ពីមុនមក។ ប្រភពដដែលបានបញ្ជាក់ថា បន្ទះឈីបដែល DeepSeek កំពុងអភិវឌ្ឍនេះ គឺផ្ដោតសំខាន់ទៅលើ «ការទាញហេតុផល» (Inference) ដែលជាដំណាក់កាលគណនារបស់ AI ក្នុងការបង្កើតចម្លើយឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ ពោលគឺមិនមែនជាប្រភេទបន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងដំណាក់កាលបង្វឹក (Training) គំរូ AI ថ្មីៗនោះទេ។
ប្រសិនបើការអភិវឌ្ឍនេះទទួលបានជោគជ័យ វានឹងក្លាយជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏ធំមួយសម្រាប់ DeepSeek ដែលត្រូវបានគេប្រសិទ្ធនាមថាជា «ជើងឯក AI» របស់ប្រទេសចិន ហើយវាក៏អាចនឹងបង្កជាសម្ពាធប្រកួតប្រជែងបន្ថែមទៀតដល់ក្រុមហ៊ុន Huawei ផងដែរ ខណៈគម្រោងបង្កើតបន្ទះឈីបនេះបានចាប់ផ្ដើមតាំងពីប្រមាណមួយឆ្នាំមុនមកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou មួយនេះ បានបង្កើនការជ្រើសរើសវិស្វកររចនាបន្ទះឈីប (Chip-design engineers) ជាលក្ខណៈផ្ទៃក្នុងយ៉ាងស្ងៀមស្ងាត់ ដោយមិនមានការបង្ហោះប្រកាសរើសបុគ្គលិកជាសាធារណៈឡើយ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងពិភាក្សាជាមួយដៃគូខាងក្រៅ ដូចជាក្រុមហ៊ុនរចនាឈីប ក្រុមហ៊ុនផលិត (Foundry) និងក្រុមហ៊ុនផ្គត់ផ្គង់អង្គចងចាំ (Memory) ផងដែរ។
ការបោះជំហានចូលក្នុងវិស័យ Hardware ផ្ទាល់ខ្លួនរបស់ DeepSeek គឺស្របទៅនឹងនិន្នាការសកល ដោយសារក្រុមហ៊ុន AI ធំៗផ្សេងទៀតលើពិភពលោក ក៏កំពុងព្យាយាមគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មបន្ទះឈីបដោយខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងកាត់បន្ថយការរំពឹងផ្អែកលើ Nvidia។ ជាក់ស្ដែង កាលពីខែមុន ក្រុមហ៊ុន OpenAI ក៏ទើបតែបានប្រកាសចេញបន្ទះឈីប Inference ផ្ទាល់ខ្លួនដំបូងឈ្មោះ «Jalapeno» ដែលសហការអភិវឌ្ឍជាមួយក្រុមហ៊ុន Broadcom ខណៈក្រុមហ៊ុន Anthropic ក៏កំពុងពិចារណាបង្កើតឈីបផ្ទាល់ខ្លួនដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា គម្រោងរបស់ DeepSeek អាចនឹងត្រូវប្រឈមមុខនឹងឧបសគ្គធំៗ ដោយសារតែវិធានការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលបានរារាំងក្រុមហ៊ុនចិនមិនឱ្យទទួលបានបច្ចេកវិទ្យាផលិតឈីបកម្រិតខ្ពស់ពីបរទេស រួមទាំងការកាត់ផ្ដាច់លទ្ធភាពទទួលបានអង្គចងចាំកម្រិតខ្ពស់ (High-Bandwidth Memory - HBM) ដែលជាសមាសភាគដ៏សំខាន់សម្រាប់បន្ទះឈីប AI Inference ផងដែរ៕











