សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំពិព័រណ៍អប់រំនៃសន្និសីទ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី លើកទី៩ (BICC-ប៊ី អាយ ស៊ី ស៊ី) និងវេទិកាស្រាវជ្រាវ លើកទី៣ ឆ្នាំ២០២៦ ជាមួយសាកលវិទ្យាល័យដៃគូចំនួន ៤០ មកពី ១៧ប្រទេស ជុំវិញពិភពលោក

08-07-2026 10:56

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិព័រណ៍អប់រំ នៃសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២៦-The 9th BICC-Education Fair 2026 លើប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំ ជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី៣-The 3rd Research Forum លើប្រធានបទ “ការប្រើប្រាស់ឌីជីថលក្នុងការអប់រំ - Digital Transformation in Education” ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមានការអញ្ជើញ ចូលរួមពី លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងសាកលវិទ្យាល័យដៃគូ​ ចំនួន៤០ មកពី ១៧ប្រទេសជុំវិញពិភពលោក (កម្ពុជា អូស្ត្រាលី កាណាដា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ស្វីស អាម៉េរិក អង់គ្លេស នូវែលសេឡង់ ប៉ូឡូញ កូរ៉េខាងត្បូង វៀតណាម ចិន ហ្វីលីពីន ភូមា និងឥណ្ឌូនេស៊ី) ព្រមទាំងសិស្ស -និស្សិត ប៊ែលធី និងអ្នកអាណាព្យាបាល សរុបជាង ៥,០០០នាក់ ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ពិព័រណ៍អប់រំ និងវេទិកាស្រាវជ្រាវ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចការស្រាវជ្រាវ ជាមួយសាកលវិទ្យាល័យដៃគូនៅ ក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ដែលផ្តោតលើចំណុចសំខាន់ៗរួមមាន៖

-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
-បង្កើតវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម ដើម្បីជំរុញ និងបង្កើនចំនួន សិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេស ទៅបន្តការសិក្សានៅបរទេស
- ផ្លាស់ប្តូរគំនិត របកគំហើញ ការយល់ដឹងក្នុងចំណោមអ្នកស្រាវជ្រាវ និងជាវេទិកាសម្រាប់អ្នកសិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងស្នាដៃស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិ ដើម្បីការកម្ពស់កិច្ចការស្រាវជ្រាវ ។
-ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

លោកសាកលវិទ្យាធិការ បានជម្រាបផងដែរថា ដោយមានកិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី នាដើមខែតុលា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យ នឹងចាប់ផ្តើមបើកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year) នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំនៅ MONASH–BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំទៀត នៅសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី ។

លោកសាស្ត្រាចារ្យបណ្ឌិត យាន ស៊ូហុង ប្រធានការិយាល័យសិក្សា នៃសាកលវិទ្យាល័យ Information Technology and Management មកពីប្រទេសប៉ូឡូញ តំណាងប្រតិភូមកពីក្រៅប្រទេស បានបង្ហាញក្តីរីករាយ និងសម្តែងនូវការកោតសរសើរ ចំពោះការរៀបចំសន្និសីទអន្តរជាតិមួយនេះ ដោយបានលើកឡើងថា BICC គឺជាវេទិកាមួយដែលផ្តល់ឱកាស ឱ្យសាកលវិទ្យាល័យ របស់លោក ក៏ដូចជា សាកលវិទ្យាល័យនានាមកពីជុំវិញពិភពលោក បានជួបផ្ទាល់ជាមួយ សិស្ស-និស្សិតកម្ពុជា ដើម្បីចែករំលែកព័ត៌មានសិក្សា និងឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ ជាពិសេសបានស្គាល់អំពីវប្បធម៌ អរិយធម៌ខ្មែរ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។

យោងតាមចំណាប់អារម្មណ៍របស់និស្សិត កង ស៊ុនហួរ អតីតសិស្ស នៃសាលា ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា តាមរយៈការចូលរួមពិព័រណ៍អប់រំ BICC នេះ គាត់ទទួលបានអាហារូបករណ៍ឧកញ៉ាលី ឆេង ទៅសិក្សានៅវិទ្យាស្ថាន East Asia Institute of Management នៃប្រទេសសិង្ហបុរី ផងដែរ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោ នៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលកំពុងបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោកបណ្ឌិត បានសង្កត់ធ្ងន់អំពីតម្លៃសន្តិភាព ជាពិសេសការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរ ជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ គ្រឹះស្ថានសិក្សាទាំង៤០ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទ ដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួន ជូនដល់សិស្ស-និស្សិតកម្ពុជា ។
លោកបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនមូលធនមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាទីបញ្ចប់ លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់ឱ្យបន្តចូលរួមសន្និសីទ BICC លើកទី១០ និងវេទិកាស្រាវជ្រាវ លើកទី៤ ឆ្នាំ២០២៧ ដើម្បីរួមគ្នា ពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕