ក្រុមហ៊ុន Perplexity ប្រកាសប្រើប្រាស់ឈីប CPU «Vera» របស់ Nvidia ដើម្បីវាយលុកទីផ្សារ និងពន្លឿនល្បឿន AI
08-07-2026 11:13
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា AI ឈានមុខគេ Perplexity បានបញ្ជាក់ជាផ្លូវការនូវគម្រោងប្រើប្រាស់បន្ទះឈីបដំណើរការកណ្តាល (CPU) ស៊េរីថ្មីរបស់ក្រុមហ៊ុន Nvidia ដែលមានឈ្មោះថា «Vera»។ ការឈានជើងចូលទីផ្សារថ្មីរបស់ Nvidia នាពេលនេះ គឺដើម្បីពង្រីកវិសាលភាពអាជីវកម្ម និងបើកការប្រកួតប្រជែងផ្ទាល់ជាមួយក្រុមហ៊ុនយក្សដែលធ្លាប់តែគ្រប់គ្រងទីផ្សារ CPU យូរឆ្នាំមកហើយ គឺ Intel និង AMD។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមហ៊ុន Nvidia បានរំពឹងទុកថា ខ្លួននឹងអាចបង្កើតចំណូលបានរហូតដល់ទៅ ២០ពាន់លានដុល្លារ ពីការលក់ឈីប «Vera» នេះនៅត្រឹមចុងឆ្នាំសារពើពន្ធ។ ឈីបនេះជាប្រភេទឈីបដំណើរការទូទៅ (Generic Computing Chip) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើពិពិធកម្មការលក់របស់ Nvidia ខណៈពេលដែលក្រុមហ៊ុនបញ្ញាសិប្បនិម្មិតធំៗដូចជា OpenAI និង DeepSeek កំពុងតែងាកទៅអភិវឌ្ឍបន្ទះឈីប AI ដោយខ្លួនឯង។
ជាការកត់សម្គាល់ បន្ទះឈីបរបស់ Intel និង AMD ភាគច្រើនត្រូវបានរចនាឡើងតាំងពីមុនសម័យកាលនៃ «AI Agents» (ភ្នាក់ងារ AI ដែលអាចបំពេញភារកិច្ចស្មុគស្មាញដោយស្វ័យប្រវត្តិ)។ ខុសពីមនុស្សលោកយើងដែលមានពេលសម្រាកនៅចន្លោះពេលបំពេញការងារ AI Agents ទាំងនេះត្រូវការដំណើរការឥតឈប់ឈរពេញ ២៤ ម៉ោង ដែលទាមទារឲ្យមានបន្ទះឈីបជំនាន់ថ្មីដែលមានសមត្ថភាពខ្ពស់ជាងមុន។
ទាក់ទិននឹងប្រសិទ្ធភាពនេះ លោក Nate Kupp អនុប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសហគ្រាសកុំព្យូទ័ររបស់ Perplexity បានគូសបញ្ជាក់ថា CPU ថ្មីរបស់ Nvidia អាចដំណើរការកូដកម្មវិធីរបស់ AI Agent បានលឿនជាង CPU ធម្មតាបែបប្រពៃណីរហូតដល់ ១,៥ ដង។ លោកបានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ថា៖ «Vera ពិតជាមានភាពលេចធ្លោខ្លាំងសម្រាប់យើង វាដូចជាត្រូវគ្នាចំគោលដៅតែម្តង (Dead-on fit) សម្រាប់បន្ទុកការងារស្នូលៗជាច្រើនដែលយើងកំពុងមាន»។
ទោះបីជា Perplexity មិនបានទម្លាយពីចំនួនឈីបដែលត្រូវបញ្ជាទិញពិតប្រាកដក៏ដោយ ប៉ុន្តែការចាប់ដៃគូនេះបានបង្ហាញពីឥទ្ធិពលកាន់តែខ្លាំងរបស់ Nvidia ក្នុងពិភពបច្ចេកវិទ្យា។ ក្រៅពី Perplexity ក្រុមហ៊ុនយក្សផ្សេងទៀតរួមមាន OpenAI, Anthropic និង Oracle ក៏ត្រូវបាន Nvidia បង្ហើបឱ្យដឹងថា មានគម្រោងប្រើប្រាស់បន្ទះឈីប CPU ជំនាន់ថ្មីនេះដូចគ្នាដែរ៕













