អ្នកគាំទ្រប្រតិកម្មបញ្ជីឈ្មោះជម្រើសជាតិ ត្រៀមជើងឯកអាស៊ាន ដែលផ្ទុយពីពាក្យស្លោក «លីគខ្លាំង ជម្រើសជាតិខ្លាំង»

08-07-2026 11:37

(ភ្នំពេញ)៖ ការបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Championship Hyundai Cup) ឆ្នាំ២០២៦ នាចុងខែនេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះប្រតិកម្ម និងចោទជាសំណួរជាច្រើន ក្រោយអវត្តមានកីឡាករសំខាន់ៗមួយចំនួន ខណៈអ្នកគាំទ្រលើកឡើងថា ជាការអនុវត្តផ្ទុយទៅនឹងពាក្យស្លោក «លីគខ្លាំង ជម្រើសជាតិខ្លាំង» ទៀតផង។

អ្នកគាំទ្របានបង្ហាញមតិ អមជាមួយអារម្មណ៍ខកចិត្តជាខ្លាំង ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៤រូប ដែលត្រូវប្រមូលផ្ដុំត្រៀមការប្រកួតនាពេលខាងមុខ ចំពោះការបាត់វត្តមានកីឡាករស្នួលជាច្រើន ដែលធ្លាប់ជួយក្រុមជម្រើសជាតិកម្ពុជាកន្លងមក ពិសេសកីឡាករទើបរួមចំណែកជួយគោព្រៃ យកឈ្នះក្រុមប៊ូតង់ និងហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីខែមិថុនាកន្លងទៅតែម្ដង។

លោក Koji Gyotoku គ្រូបង្វឹកក្រុមកម្ពុជា ដែលធ្លាប់បង្ហាញក្ដីបារម្ភរឿងកោះហៅកីឡាករត្រៀមយុទ្ធនាការនេះ បញ្ជាក់ថា បញ្ជីកីឡាករដែលជ្រើសរើសលើកនេះ រួមទាំងកីឡាករថ្មីទើបទទួលបានឱកាសជាប់លើកដំបូង គឺជាក្រុមដែលលោកជឿជាក់ថា សមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានាពេលបច្ចុប្បន្ន ហើយលោកថែមទាំងអរគុណបណ្ដាក្លិប ដែលយោគយល់ និងអនុញ្ញាតឲ្យពួកគេមកចូលរួមជាមួយជម្រើសជាតិ ទោះបីកម្មវិធីនេះ ធ្វើឡើងក្រៅពីរដូវកាលប្រកួតអន្ដរជាតិរបស់ FIFA និងស្ថិតក្នុងដំណាក់កាលក្រុមនីមួយៗត្រៀមរដូវកាលថ្មីក៏ដោយ។

បែបនេះក្ដី អ្នកគាំទ្រនៅតែមិនអាចរំងាប់អារម្មណ៍បានរហូតមានប្រតិកម្ម និងការបញ្ចេញនូវទស្សនៈផ្សេងៗ ហើយមានអ្នកគាំទ្រជាច្រើនបានចោទជាសំណួរ តើការអវត្តមានកីឡាករសំខាន់ៗជាច្រើន ទាំងកីឡាករខ្មែរ និងកីឡាករចូលសញ្ជាតិ ដោយសារមិនត្រូវបានកោះហៅ ឬមិនត្រូវបានក្លិបអនុញ្ញាត? ស្របពេលមានព័ត៌មានចរចាមអារ៉ាមមុនប្រកាសថា ហេតុផលសំខាន់ក្រោយរឿងនេះ ដោយសារក្លិបមិនបញ្ជូនកីឡាករមកចូលរួម ព្រោះក្លិបនីមួយៗជាប់ភារកិច្ចត្រូវប្រមូលផ្ដុំហ្វឹកហាត់កំឡុងពេល Pre-Season ដើម្បីត្រៀមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៦/២៧។

មានមតិមួយចំនួនបានលើកឡើងទៀតថា ប្រសិនបើក្លិបមិនអនុញ្ញាតឲ្យកីឡាករមកប្រមូលផ្ដុំជម្រើសជាតិត្រៀមការប្រកួតពានរង្វាន់ប្រចាំតំបន់នេះ ប្រៀបបានគ្មានទំនួលខុសត្រូវរបស់ក្លិប ចំពោះក្រុមជម្រើសជាតិ ដែលប្រាស់ចាកពីពាក្យស្លោក «លីគខ្លាំង ជម្រើសជាតិខ្លាំង» របស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។

ទន្ទឹមនឹងប្រតិកម្មភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រ អតីតកីឡាករជម្រើសជាតិឆ្នើម លោក ឃួន ឡាបូរ៉ាវី ក៏បានបង្ហោះសារហាក់មិនពេញចិត្តដូចគ្នា ចំពោះបញ្ជីឈ្មោះក្រុមជម្រើសជាតិលើកនេះ ដោយលោកបានធ្វើការរិះគន់ចំៗថា «តើតួនាទីនេះ ឯកសណ្ឋានមួយនេះ (ផ្ដោតលើតួនាទីកីឡាករ និងឯកសណ្ឋានជម្រើសជាតិ) ការប្រកួតកម្រិតនេះ (ពានប្រចាំតំបន់) នៅតែជាក្តីស្រមៃរបស់កីឡាករកម្ពុជាគ្រប់រូបទៀតដែរឬទេ? បើព្រោះតែមហិច្ឆតារបស់បរទេស ហើយបំផ្លាញក្តីស្រមៃមួយនេះ វាជារឿងដែលពិបាកទទួលយករបស់កីឡាករកម្ពុជា»

កីឡាករ ២៤រូប ដែល FFC បានប្រកាស និងត្រៀមប្រមូលផ្ដុំ រួមមានសមាជិកក្លិប៖ បឹងកេត ៣រូប (តាំង ប៊ុយឆៃ, ម៉ាត់ នូរុណ និងអ្នកចាំទី កយ សាលីម), ភ្នំពេញក្រោន ៣រូប (យ៉ែម ដាវីត, បុង សាំយូអ៊េល និង សារ ទី), ព្រះខ័នរាជស្វាយរៀង ២រូប (សៀង ចន្ធា និង សុផល ឌីម៉ង់), វិសាខា ៣រូប (អ៊ុក សុវណ្ណ, ស៊ិន សុវណ្ណមករា និង ហាវ សុខនេត្រ), ណាហ្គាវើលដ៏ ៤រូប (ជា សុខម៉េង, សុះ ស៊ូហាណា, ផាត សុខា និងអ្នកចាំទី រ៉េត លីហេង), អង្គរថាយហ្គឺរ ២រូប (ទាំ មករា និង នូ ចេនមករា), ISI ២រូប (Yudai Ogawa និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ), MOI កំពង់ដេវ៉ា ៣រូប (ម៉ុន រ៉ាដូ, ម៉ុន វ៉ាន់ដា និង Mirzaev Alisher), ឡាយហ្វម្នាក់ (វ៉ាន់ វីត) និងកីឡាករទើបចែកផ្លូវជាមួយអង្គរថាយហ្គឺរ ឃូលីបាលី អាបឌែល កាឌែរ។

ការបាត់វត្តមានកីឡាករសំខាន់ៗជាច្រើន ដែលធ្លាប់រួមចំណែកជួយក្រុមជម្រើសជាតិកន្លងមក ពិសេសសមាជិកក្លិបធំៗមួយចំនួន ហើយលេចនូវវត្តមានកីឡាករថ្មីៗក្នុងបញ្ជីឈ្មោះខាងលើនេះ ទើបធ្វើឲ្យអ្នកគាំទ្រប្រតិកម្ម និងរិះគន់មិនសំចៃ ហើយថែមទាំងមិនរំពឹងក្រុមគោព្រៃ អាចទទួលបានលទ្ធផលគាប់ប្រសើរក្នុងការប្រកួតជើងឯកអាស៊ាននាពេលខាងមុខទៀតផង។

សូមបញ្ជាក់ថា បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះផ្លូវការនេះ កម្ពុជាគ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗ ពិសេសការត្រៀមចេញទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសជប៉ុននាសប្ដាហ៍ក្រោយ មុនចាប់ផ្ដើមយុទ្ធនាការប្រកួតពានរង្វាន់ ASEAN Championship Hyundai Cup ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដែលកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត៕