OpenAI ប្រកាសបញ្ចេញកំពូលម៉ូដែល AI ជំនាន់ថ្មី «GPT-5.6» នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយផ្អាកដោយសារបារម្ភពីសន្តិសុខជាតិ
08-07-2026 15:02
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OpenAI បានប្រកាសជាផ្លូវការថា ខ្លួននឹងដាក់ឱ្យដំណើរការជាសាធារណៈនូវឈុតម៉ូដែល AI ដែលមានសមត្ថភាពខ្លាំងក្លាបំផុតរបស់ខ្លួនគឺ «GPT-5.6» នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានយល់ព្រមពន្យារពេលកាលពីខែមុន តាមការស្នើសុំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញក្តីបារម្ភផ្នែកសន្តិសុខជាតិ ដែលខ្លាចថាប្រព័ន្ធ AI ដ៏មានឥទ្ធិពលនេះ អាចនឹងត្រូវធ្លាក់ទៅក្នុងដៃក្រុមយោធា ឬផ្នែកស៊ើបការណ៍សម្ងាត់នៃប្រទេសចិន រុស្ស៊ី ឬប្រទេសដទៃទៀតយកទៅប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមប្រភពជិតស្និទ្ធដែលត្រូវបានទម្លាយដោយសារព័ត៌មាន Axios បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានអនុម័តសម្រាប់ការដាក់ឱ្យដំណើរការយ៉ាងទូលំទូលាយនូវម៉ូដែល GPT-5.6 នេះហើយ ក្រោយពីទទួលបានលទ្ធផលនៃការធ្វើតេស្តបន្ថែមយ៉ាងម៉ត់ចត់ពីរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌត្រួតពិនិត្យថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បច្ចេកវិទ្យា AI ឈានមុខ (Frontier AI)។ កន្លងមក OpenAI បានកម្រិតសិទ្ធិចូលប្រើប្រាស់ម៉ូដែលនេះត្រឹមក្រុមដៃគូតូចមួយ ដែលត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងបានចែករំលែកព័ត៌មានលម្អិតរបស់ពួកគេទៅកាន់អាជ្ញាធរអាមេរិក។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ក្រុមហ៊ុន OpenAI បានទម្លាយថា ខ្លួននឹងបញ្ចេញម៉ូដែល AI ជំនាន់ថ្មីនេះចំនួន ៣ ក្នុងពេលតែមួយ រួមមាន៖ ម៉ូដែល «Sol» ដែលជាម៉ូដែលទំនើប និងមានសមត្ថភាពខ្ពស់បំផុត ព្រមទាំងម៉ូដែល «Terra» (កម្រិតមធ្យម តម្លៃសមរម្យ) និង «Luna» ដែលជាជម្រើសសន្សំសំចៃថ្លៃដើមបំផុត។
ការរឹតបន្តឹងលើបច្ចេកវិទ្យា AI កម្រិតខ្ពស់នេះ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ AI ទាំងអស់ ត្រូវផ្តល់ម៉ូដែលរបស់ខ្លួនឱ្យរដ្ឋាភិបាលពិនិត្យជាមុនរហូតដល់ ៣០ ថ្ងៃ មុននឹងបញ្ចេញទៅកាន់សាធារណៈ។ មិនមែនតែ OpenAI នោះទេ សូម្បីតែក្រុមហ៊ុនគូប្រជែង Anthropic ក៏ទើបតែត្រូវបានរដ្ឋាភិបាលអាមេរិកដកបម្រាម និងអនុញ្ញាតឱ្យដំណើរការម៉ូដែល «Fable» និង «Mythos» របស់ខ្លួនវិញកាលពីសប្តាហ៍មុនផងដែរ ក្រោយរងការផ្អាកក្នុងរយៈពេលមិនដល់ ៣ សប្តាហ៍។
ទោះជាយ៉ាងណា ស្របពេលដែលបច្ចេកវិទ្យានេះកាន់តែរីកចម្រើនខ្លាំង ហានិភ័យនៃការរំលោភបំពានប្រព័ន្ធសុវត្ថិភាពក៏កាន់តែខ្ពស់ទៅតាមនោះដែរ។ ជាក់ស្តែង ក្រុមហ៊ុន Anthropic ធ្លាប់បានចេញមុខព្រមានថា វា «ប្រហែលជាមិនអាចទៅរួចទេ» ក្នុងការធ្វើឱ្យម៉ូដែល AI ណាមួយមានសុវត្ថិភាពទាំងស្រុងពីការលួចកែច្នៃប្រព័ន្ធ ឬបំភាន់ (Jailbreaks) ហើយក្រុមហ៊ុនក៏បានកត់សម្គាល់ពីលទ្ធភាពនៃការកើតមានការបំភាន់ជាសកល (Universal Jailbreak) ដែលអាចដោះសោឱ្យមាន «អាកប្បកិរិយាបង្កគ្រោះថ្នាក់គ្រប់ប្រភេទទាំងអស់» ផងដែរ៕













