World Cup 2026៖ អេហ្ស៊ីប ឡាំប៉ាប្តឹង FIFA ខណៈសល់ជាង ១០នាទីបិទមិនជាប់ឱ្យអាហ្សង់ទីនយកឈ្នះវិញ
08-07-2026 20:58
(បរទេស)៖ សហព័ន្ធបាល់ទាត់អេហ្ស៊ីប EFA បានដាក់ពាក្យប្តឹងទៅ FIFA ស្នើឱ្យដកលោកអាជ្ញាកណ្តាលកាត់ក្តីពួកគេ ចាញ់អាហ្សង់ទីន ៣-២ យប់មិញចេញពីការកាត់ក្តីនៅ World Cup 2026 បន្ទាពីក្រុមមកពីអាហ្រ្វិកមួយនេះហាលអាវត្រឹមវគ្គ ១៦ក្រុម។
នៅក្នុងពាក្យបណ្តឹងរបស់ EFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រ BBC បានឱ្យដឹងថា EFA បានស្នើឱ្យសហព័ន្ធសាម៉ី FIFA បើកការស៊ើបអង្កេតទៅលើក្រុមមន្រ្តីអាជ្ញាកណ្តាលដែលបានដឹកនាំការប្រកួតនៅក្នុងកីឡដ្ឋានដែលស្ថិតក្នុងរដ្ឋ Atlanta របស់ពួកគេទល់នឹងម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីនកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦។
ពួកគេក៏បានចោទមន្រ្តី VAR ផងដែរ នៅពេលគ្រាប់បាល់ចូលដើមវគ្គទី២ របស់កីឡាករ Mostafa Zico ត្រូវបានលុបចោលវិញ ដោយសំអាងលើហេតុផលខ្សែបម្រើ Marwan Attie របស់អាហ្ស៊ីបបានបង្កកំហុសទៅលើ Lisandro Martinez។
មួយទៀតពួកគេគិតថា អេហ្ស៊ីបគួរតែបានបាល់ប៉េណាល់ទី នៅពេលខ្សែការពារអាហ្សង់ទីបានបង្កកំហុសទៅលើខ្សែប្រ យុទ្ធ Mohamed Salah របស់ពួកគេថែមទៀតផង។
ប្រធានក្រុមអាហ្សង់ទីន Lionel Messi ដែលលេងនៅ World Cup 2026 លើកចុងក្រោយរបស់គេ បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតគ្រាប់ទី១ នៅនាទី៧៩ មុនពេលស៊ុតខ្លួនឯងតាមស្មើនៅនាទី៨៣ និងគ្រាប់ជ័យជម្នះ ៣-២ ដោយ Enzo Fernandez នៅនាទី៩០+២។
ក្រោយកញ្ចែបញ្ចប់ការប្រកួត លោក Hossam Hassan អ្នកចាត់ការទូទៅអេហ្ស៊ីបបានចាត់ទុកថា «អេហ្ស៊ីបត្រូវបានគេគំរាមកំហែង និងទទួលរងនូវការឈឺចាប់ តាមរយៈការកាត់ក្តីមិនមានតម្លាភាព»។
ទោះជាយ៉ាងណា អេហ្ស៊ីបនៅតែមិនអាចឆ្លងទៅវគ្គ ៨ក្រុមនៃ World Cup ជាលើកដំបូងរបស់ពួកគេបានដដែល និងជាប្រវត្តិសាស្រ្តផងដែរ ដែលក្រុមនៅតំបន់អាហ្រ្វិកមួយនេះឆ្លងផុតវគ្គចែកពូលលើកដំបូងពេលនេះ៕




