នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសពីវិស្សមកាលធនាគារ ប្រសិនបើអង់គ្លេសឈ្នះជើងឯក World Cup 2026

09-07-2026 11:50

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Sir Keir Starmer បានផ្តល់តម្រុយពីវិស្សមកាលធនាគារបន្ថែមទៀត ប្រសិនបើក្រុមបាល់ទាត់អង់គ្លេស ឈ្នះពានរង្វាន់ជើងឯកពិភពលោក FIFA World Cup 2026។ នេះយោងតាមការចេញផ្សាយដោយ BBC។

អង់គ្លេស ម្ចាស់ជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ និងមានរយៈពេល ៦០ឆ្នាំមកហើយ ដែលក្រុមតោកំណាចបានខកខានលើកពាន ៤ឆ្នាំម្តងនេះ។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់ លោក Thomas Tuchel ត្រូវប្រឈមមុខនឹងន័រវេស ក្រុមនៅអឺរ៉ុបដូចគ្នានៃវគ្គ ៨ក្រុម World Cup 2026 នាថ្ងៃសៅរ៍ ទី១១ ខែកក្កដាខាងមុខ មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងលេងនារាត្រីថ្ងៃអាទិត្យ ទី១៩ នៃខែដដែលសប្តាហ៍ក្រោយ។

តើអង់គ្លេសអាចធ្វើបានទេ ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ម្តងទៀត នៅពេលនាយករដ្ឋមន្រ្តីមានគម្រោងទៅទស្សនានៅសហរដ្ឋអាមេរិកដោយផ្ទាល់ និងមានការពន្យារពេលនៃថ្ងៃចុះចេញពីតំណែងទៀតផង ដែលនឹងជំនួសមកវិញដោយលោក Andy Burnham។

គំនិតក្នុងការបន្លាយថ្ងៃឈប់សម្រាកធនាគារសម្រាប់ពលរដ្ឋអង់គ្លេស ប្រសិនបើឈ្នះ World Cup ត្រូវបានលោក Starmer គូសបញ្ជាក់ថា «សំណួរអំពីថ្ងៃឈប់សម្រាកធនាគារ ខ្ញុំគិតថា មិនចង់លើកមកនិយាយទៀតទេ ក៏ប៉ុន្តែអាចសួរខ្ញុំម្តងទៀតបាន ប្រសិនអង់គ្លេសឡើងដល់ផ្តាច់ព្រ័ត្រ»

គួរបញ្ជាក់ផងថា Bank Holiday (ទិវាឈប់សម្រាកធនាគារ) គឺជាថ្ងៃឈប់សម្រាកផ្លូវការរបស់ជាតិ ដែលតម្រូវឱ្យ ធនាគារ ស្ថាប័នហិរញ្ញវត្ថុ សាលារៀន និងអាជីវកម្មភាគច្រើនបិទទ្វារ។ ពាក្យនេះមានប្រភពដើមមកពីចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ ដោយត្រូវបានបង្កើតឡើងដំបូងនៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៨៧១ ដើម្បីផ្តល់ថ្ងៃសម្រាកដល់បុគ្គលិកធនាគារ៕