ចិនគ្រោងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួន ទិញបន្ទះឈីប AI របស់ Nvidia ក្នុងចំនួនកំណត់ ដើម្បីដោះស្រាយវិបត្តិខ្វះខាត
09-07-2026 15:03
(បរទេស)៖ ប្រទេសចិនកំពុងរៀបចំផែនការអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យា AI ឈានមុខគេនៅក្នុងប្រទេស រួមមាន Alibaba, ByteDance និង DeepSeek អាចទិញបន្ទះឈីបស៊េរី H200 របស់ក្រុមហ៊ុនអាមេរិក Nvidia ក្នុងចំនួនកំណត់មួយ។ បើតាមប្រភពពីសារព័ត៌មាន The Information មន្ត្រីចិនបានលួចបង្ហើបប្រាប់ក្រុមហ៊ុនទាំងនេះថា ពួកគេអាចនឹងទទួលបានការអនុញ្ញាតក្នុងពេលឆាប់ៗខាងមុខ។ ដំណឹងនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Nvidia កើនឡើង ១% ភ្លាមៗ ទោះបីជាទាំងខាងរដ្ឋាភិបាលអាមេរិក ចិន និងក្រុមហ៊ុនពាក់ព័ន្ធ មិនទាន់ចេញមុខមកបកស្រាយជាផ្លូវការនៅឡើយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦។
កន្លងមក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបើកភ្លើងខៀវឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីបកម្រិតខ្ពស់នេះទៅឱ្យចិនរួចហើយ ប៉ុន្តែគឺខាងរដ្ឋាភិបាលទីក្រុងប៉េកាំងខ្លួនឯងទៅវិញទេដែលជាអ្នកបង្អង់ និងមិនព្រមផ្តល់ការអនុម័ត។ ហេតុផលគឺដោយសារតែចិនចង់ជំរុញ និងគាំទ្រដល់អ្នកផលិតបន្ទះឈីបនៅក្នុងស្រុកឱ្យរីកចម្រើន។ ទោះជាយ៉ាងណា ទីក្រុងប៉េកាំងកំពុងពិចារណាអនុញ្ញាតឱ្យទិញក្នុងចំនួនសរុបតិចជាង ២០០,០០០ បន្ទះ ដែលចំនួននេះគឺតិចជាងពាក់កណ្តាលនៃចំនួនដែលក្រុមក្រុមហ៊ុនចិនបានស្នើសុំកាលពីដើមឆ្នាំ។
កាលពីខែតុលាកន្លងទៅ លោក Jensen Huang នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Nvidia ធ្លាប់បានលើកឡើងថា៖ «ចំណែកទីផ្សាររបស់ Nvidia នៅក្នុងប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹមកម្រិតសូន្យ»។ លោកបានពន្យល់ថា នេះជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលកើតចេញពីវិធានការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក ផ្សំផ្គុំនឹងការរុញច្រានយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលចិន ក្នុងការស្វែងរកការឈរជើងលើខ្លួនឯង និងមិនចង់ពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។
ទោះជាចិនខំប្រឹងជម្រុញផលិតផលក្នុងស្រុកយ៉ាងណាក៏ដោយ ប៉ុន្តែការប្តូរឥរិយាបថរបស់ចិននាពេលនេះ បានស្តែងឱ្យឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនកំពុងប្រឈមមុខនឹង «វិបត្តិឱនភាពសមត្ថភាពកុំព្យូទ័រ» យ៉ាងខ្លាំង ពោលគឺបន្ទះឈីបក្នុងស្រុកមិនទាន់អាចរត់ទាន់ល្បឿននៃការបង្កើត AI ទំនើបៗបានឡើយ ទើបបង្ខំចិត្តបើកផ្លូវឱ្យបញ្ជាទិញបន្ទះឈីបកំពូលរបស់អាមេរិកឡើងវិញក្នុងចំនួនកំណត់បែបនេះ៕













