សាកលវិទ្យាល័យ ទួនហ្វា បើកទទួលចុះឈ្មោះឆ្នាំសិក្សា ២០២៦–២០២៧ ផ្តល់ឱកាសសិក្សាថ្មី សម្រាប់យុវជនកម្ពុជា
09-07-2026 15:22
(ភ្នំពេញ)៖ សាកលវិទ្យាល័យ ទួនហ្វា បានប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ តទៅ ដោយបើកឱកាសដល់សិស្សថ្នាក់ទី១២ និងអ្នកដែលមានបំណង បន្តការសិក្សាកម្រិតឧត្តមសិក្សា អាចចាប់ផ្តើមរៀបចំអនាគតរបស់ខ្លួន ជាមួយការអប់រំប្រកបដោយគុណភាព។
ក្នុងឱកាសបើកទទួលសិស្សជំនាន់ដំបូង សាកលវិទ្យាល័យ ទួនហ្វា បានផ្តល់អាហារូបករណ៍ប្រមាណ ១០០ កន្លែង ទៅដល់សិស្សឆ្នើម ដោយផ្អែកលើលទ្ធផលសិក្សា ការប្រឡងអាហារូបករណ៍ និងកម្មវិធីអាហារូបករណ៍ពីដៃគូសហការ ដើម្បីជួយលើកកម្ពស់ឱកាសទទួល បានការអប់រំសម្រាប់យុវជនដែលមានសមត្ថភាព។
ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរ ការចាប់ផ្តើមឆ្នាំសិក្សាថ្មី សាកលវិទ្យាល័យ បានរៀបចំវត្ថុអនុស្សាវរីយ៍ទៅជូនដល់អ្នកចុះឈ្មោះ ៣០០ នាក់ដំបូង ជាឈុតសៀវភៅ និងដបទឹកដ៏ស្រស់ស្អាត ពីសាកលវិទ្យាល័យ ។ កម្មវិធីនេះ មានគោលបំណងលើកទឹកចិត្តឱ្យ សិស្សរៀបចំផែនការបន្តការសិក្សារបស់ខ្លួនឱ្យបានទាន់ពេលវេលា។
លោកបណ្ឌិត ហៀង សុធារ៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ទួនហ្វា បានលើកឡើងថា សាកលវិទ្យាល័យ ទួនហ្វា ផ្តល់អាទិភាព លើការអប់រំឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ តាមរយៈការតភ្ជាប់រវាង កម្មវិធីសិក្សាជាមួយមុខវិជ្ជា ដែលជាតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងបានចាក់បញ្ចូលមូលដ្ឋានគ្រឹះគណិតវិទ្យា និងការវិភាគទិន្នន័យសម្រាប់គាំទ្រ ការសម្រេចចិត្តក្នុងអាជីវកម្ម និងការងារ។ ជាមួយគ្នានេះ សាកលវិទ្យាល័យ បានយកចិត្តទុកដាក់ក្នុងការបណ្តុះនិស្សិតឱ្យមានភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារ ដោយបញ្ចូលការសិក្សាភាសាចិនរយៈពេល ៤ ឆ្នាំលើគ្រប់មុខជំនាញ ដើម្បីឱ្យនិស្សិតអាចប្រើប្រាស់ភាសាចិនបានប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
សាកលវិទ្យាល័យ ទួនហ្វា ផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្រលើ ១១ ជំនាញ ស្របតាមតម្រូវការទីផ្សារការងារ រួមមាន ភាសាចិនសម្រាប់ធុរកិច្ច អប់រំភាសាចិន បកប្រែភាសាចិន ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងធុរកិច្ច គ្រប់គ្រងធនធានមនុស្ស ទីផ្សារ សេដ្ឋកិច្ចពាណិជ្ជកម្ម វិស្វកម្មសំណង់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ វិស្វកម្មមេកាត្រូនិក ព្រមទាំងស្ថាបត្យកម្ម និងនគរូបនីយកម្ម។
ការបើកទទួលសិស្សជំនាន់ដំបូងរបស់សាកលវិទ្យាល័យ ទួនហ្វា ត្រូវបានគេរំពឹងថា នឹងរួមចំណែកពង្រីក ឱកាសទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ប្រកបដោយគុណភាព និងជួយអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
សាកលវិទ្យាល័យ ទួនហ្វា បានអំពាវនាវ ដល់សិស្សថ្នាក់ទី១២ អ្នកទើបបញ្ចប់ការសិក្សា និងអ្នកដែលមានបំណងបន្តការសិក្សា ថ្នាក់ឧត្តមសិក្សាឱ្យអញ្ជើញមកស្វែងយល់ព័ត៌មាន និងដាក់ពាក្យចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ៕
















