ក្រុមប្រឹក្សាកីឡា ខ.ភ.ម ត្រៀមបញ្ជូនអត្តពលិកទ្រង់ទ្រាយធំ ចូលរួមការប្រកួតកីឡាកងទ័ពពិភពលោក នៅសហរដ្ឋអាមេរិក

09-07-2026 15:55

(ភ្នំពេញ)៖ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានត្រៀមបញ្ជូនអត្តពលិកទ្រង់ទ្រាយធំ ចូលរួមការប្រកួតកីឡាកងទ័ពពិភពលោក នៅសហរដ្ឋអាមេរិក នាឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមប្រសាសន៍លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា ខ.ភ.ម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង នាថ្ងៃទី០៩ ខែកក្កដា។

តាមការបញ្ជាក់របស់លោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាករ ខ.ភ.ម និងជានាយកមជ្ឈមណ្ឌលកីឡា ខ.ភ.ម បានឲ្យដឹងថា ដំណើរឆ្ពោះទៅចូលរួមការប្រកួតកីឡាកងទ័ពពិភពលោកនៅទឹកដីអាមេរិក នាឆ្នាំ២០២៧ ប្រសិនបើគ្មានការប្រែប្រួលទេនោះ កម្ពុជាត្រៀមបញ្ជូនអត្តពលិកទៅចូលរួមប្រមាណ ៨០នាក់ លើកីឡា ៧ប្រភេទ រួមមានកីឡាអត្តពលកម្ម ប្រដាល់សកល យូដូ យុទ្ធគុនចម្រុះ បាញ់កាំភ្លើង ហែលទឹក និងតេក្វាន់ដូ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានចាត់ទុកនេះ គឺជាបេសកកម្មទ្រង់ទ្រាយធំ ដែលកីឡាករ-កីឡាការិនី ត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរ ទោះបីការប្រកួតនាឆ្នាំក្រោយ ដែលរយៈពេលនៅសល់មិនយូរទៀតនោះទេ។ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេស ត្រៀមចូលរួមការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិមាតុភូមិ ក្រោមស្មារតីមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ជាមួយគ្រប់បណ្ដាប្រទេសចូលរួម។

បន្ថែលលើនេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងរបស់អត្តពលិកកីឡាកងយោធពលខេមរភូមិន្ទកន្លងមក រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនភាព ក្រោមកិច្ចសហការល្អជាមួយអាជ្ញាធរកីឡា ទាំងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ហើយលោកសង្ឃឹមថា គ្រប់ប្រភេទកីឡាក្រោមទ្រនំក្រុមប្រឹក្សាកីឡា ខ.ភ.ម នឹងបន្ដដុសខាតសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីរួមចំណែកជាមួួស្ថាប័នកីឡាពាក់ព័ន្ធ សំដៅឆ្ពោះទៅការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ និងអង្គភាពកាន់តែច្រើន​បន្ថែមទៀត។

ជាមួយកិច្ចប្រជុំប្រចាំឆមាសនេះដែរ លោក ខូវ ឆាយ បានគូសរំលេចផងដែរថា កីឡាកងយោធពលខេមរភូមិន្ទ បានដើរតួរយ៉ាងសំខាន់ និងរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបណ្ដាសហព័ន្ធកីឡាជាតិទាំងការហ្វឹកហាត់ ការប្រកួត និងសកម្មភាពកិច្ចការងារសង្គម សប្បុរសធម៌នានា គ្រាដែលសមិទ្ធផលក្នុងឆមាសទី២ ក្រុមកីឡា ខ.ភ.ម បានឈ្នះមេដាយ ពានរង្វាន់ និងការជួយលើកកិត្តិយសមុខមាត់ជាតិជាច្រើន ក្នុងនោះរួមមានការឈ្នះមេដាយសរុប ២១៨គ្រឿង (មាស ១០៤, ប្រាក់ ៥៥ និងសំរឹទ្ធ ៥៩), ខ្សែក្រវាត់ចំនួន ២៥គ្រឿង និងពានរង្វាន់ចំនួន ២៩ពានផងដែរ៕