ក្រុមហ៊ុន Apple ចាប់ផ្តើមធ្វើតេស្តបន្ទះឈីប RAM របស់ចិន សម្រាប់ឧបករណ៍លក់ក្នុងទីផ្សារចិន
09-07-2026 16:11
(បរទេស)៖ ក្រុមហ៊ុន Apple បាននឹងកំពុងចាប់ផ្តើមធ្វើតេស្តសាកល្បងបន្ទះឈីប DRAM ពីក្រុមហ៊ុនចិន ChangXin Memory Technologies (CXMT) បន្ទាប់ពីមានព័ត៌មានលេចឮកាលពីប៉ុន្មានថ្ងៃមុនថា Apple កំពុងពិចារណាប្រើប្រាស់ RAM របស់ចិនពីក្រុមហ៊ុន CXMT និង Yangtze Memory Technologies (YMTC)។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលបានបញ្ជាក់ថា Apple នឹងប្រើប្រាស់ RAM ផលិតនៅប្រទេសចិននេះ សម្រាប់តែឧបករណ៍ទាំងឡាយណាដែលត្រូវដាក់លក់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។
ការសម្រេចចិត្តកំណត់ការប្រើប្រាស់ត្រឹមទីផ្សារចិននេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមួយ ដើម្បីកាត់បន្ថយសម្ពាធ ឬការរិះគន់ពីសំណាក់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដោយសារតែរដ្ឋាភិបាលអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុន CXMT និង YMTC ទៅក្នុង «បញ្ជីខ្មៅពាណិជ្ជកម្ម» ឬ (Entity List) ក្រោមហេតុផលថាមានទំនាក់ទំនងជាមួយវិស័យយោធាចិន។ បើទោះបីជាការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនទាំងនេះមិនមែនជាទង្វើខុសច្បាប់ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់រូបភាពរបស់ Apple ផងដែរ ប្រសិនបើពួកគេយកមកប្រើប្រាស់ជាសកល។ ជាការកត់សម្គាល់ កត្តាដែលរុញច្រានឱ្យ Apple បែរមកចាប់អារម្មណ៍ទីផ្សារចិននេះ គឺដោយសារតែវិបត្តិឱនភាព RAM ជាសកល ដែលបណ្តាលមកពីមជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) បានប្រមូលទិញស្តុក RAM ស្ទើរតែទាំងអស់ពីក្រុមហ៊ុនផលិតនានាក្រៅពីប្រទេសចិន។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Apple ចាប់អារម្មណ៍លើទីផ្សារអង្គចងចាំរបស់ចិន ព្រោះក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះ ធ្លាប់បានសិក្សា និងវាយតម្លៃលើបន្ទះឈីប NAND របស់ក្រុមហ៊ុន YMTC តាំងពីឆ្នាំ ២០២២ មកម៉្លេះ៕








