OpenAI ប្រកាសដាក់ឱ្យប្រើប្រាស់ «ChatGPT Work» ដើម្បីពង្រឹងការប្រកួតប្រជែងឧបករណ៍ AI ក្នុងវិស័យការងារ

10-07-2026 09:37

(បរទេស)៖ ក្រុមហ៊ុន OpenAI នោថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦​បានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីមួយឈ្មោះថា «ChatGPT Work» ដែលជាភ្នាក់ងារ AI​​​​ នៅក្នុងកម្មវិធីជជែកកម្សាន្តដ៏ពេញនិយមរបស់ខ្លួន។ឧបករណ៍ថ្មីនេះត្រូវបានរចនាឡើងដើម្បីបំពេញការងារស្មុគស្មាញនានា​ ដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី និងឯកសារផ្សេងៗ ដែលនេះជាការបោះជំហានចុងក្រោយរបស់ក្រុមហ៊ុនក្នុងការធ្វើស្វ័យប្រវត្តិកម្មនៅកន្លែងធ្វើការ។

ក្រុមហ៊ុន OpenAI បានឱ្យដឹងថា ChatGPT Work ដំណើរការដោយម៉ូដែល AI ជំនាន់ចុងក្រោយបង្អស់គឺ GPT-5.6។ វាមានសមត្ថភាពអាចប្រមូលទិន្នន័យ និងស្វែងយល់ពីបរិបទ,​ពីកម្មវិធី, ឯកសារ និងលំហូរការងារផ្សេងៗ ដើម្បីបង្កើតជាលទ្ធផលសម្រេចរួមមាន ឯកសារអត្ថបទ, តារាងទិន្នន័យ ,​​ស្លាយបទបង្ហាញ, របាយការណ៍ និងគេហទំព័រផងដែរ។​ ការដាក់ឱ្យដំណើរការនេះ បានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងការបង្កើត និងលក់ឧបករណ៍ AI សម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវៈ​ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងប្រញាប់ប្រញាល់ទាញយកផលចំណេញពីតម្រូវការកើនឡើងនៃ «ភ្នាក់ងារ AI ស្វ័យប្រវត្តិ» ) ដែលអាចបំពេញការងារស្មុគស្មាញដោយប្រើប្រាស់ការណែនាំពីមនុស្សតិចតួចបំផុត។

ការបង្ហាញខ្លួនរបស់ ChatGPT Work នេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានខែដែលក្រុមហ៊ុន Anthropic ដែលជាគូប្រជែងដ៏ធំរបស់ OpenAI បានពង្រីកទីផ្សារសាជីវកម្មរបស់ខ្លួនតាមរយៈការដាក់ឱ្យប្រើប្រាស់ «Claude Cowork» ដែលជាភ្នាក់ងារ AI អាចរៀបចំផែនការ និងអនុវត្តការងារច្រើនជំហានដោយស្វ័យប្រវត្តិនោះ។​ បន្ថែមពីលើនេះ ក្រុមហ៊ុន OpenAI ដែលកំពុងរៀបចំខ្លួនចូលទីផ្សារភាគហ៊ុនជាសាធារណៈ (IPO) ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី ChatGPT ថ្មីសម្រាប់កុំព្យូទ័រ រួមទាំងមុខងារបង្កើតគេហទំព័រ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើត​​ និងចែករំលែកគេហទំព័របានភ្លាមៗពីក្នុងកម្មវិធី ChatGPT Work តែម្តង។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន ChatGPT Work ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ នៅលើប្រព័ន្ធគេហទំព័រ និងទូរស័ព្ទដៃ ដោយចាប់ផ្តើមដំបូងសម្រាប់អ្នកប្រើប្រាស់គម្រោង Pro, Enterprise, និង Edu ហើយនឹងពង្រីកទៅកាន់អ្នកប្រើប្រាស់គម្រោង Plus និង Business នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត៕