សហព័ន្ធគុនខ្មែរ ជំរុញការបង្កើតអង្គការចាត់តាំងនៅបរទេស ដើម្បីពង្រីកវិសាលភាព និងឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ

10-07-2026 10:20

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងជំរុញការកសាងមូលដ្ឋានគ្រឹះ រហូតបង្កើតឲ្យមានអង្គការចាត់តាំងគុនខ្មែរច្បាស់លាស់នៅបរទេស ដើម្បីពង្រីកវិសាលភាព និងឥទ្ធិពលក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ ទៅកាន់សកលលោក ស្របតាមទិសដៅឈានទៅរកការដាក់បញ្ចូលគុនខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិកនាថ្ងៃអនាគត។

នេះបើតាមការលើកឡើងរបស់លោក ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ប្រកួតការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរ Cambodia Kun Khmer Best of The Best In Australia នាថ្ងៃព្រហស្បតិ៍កន្លងទៅ មុនព្រឹត្តិការណ៍ផ្លូវការដែលគ្រោងរៀបចំនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនៅទីក្រុងស៊ីដនី។

លោក ខូវ ឆាយ បានគូសបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំការប្រកួតប្រដាល់គុនខ្មែរលើទឹកដីអូស្ដ្រាលីនាសប្ដាហ៍ក្រោយ មិនមែនគ្រាន់តែជាការប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្មមួយក្នុងការនាំគុនខ្មែរចូលទៅកាន់ទ្វីបអាស៊ី ដែលជាទីផ្សារកីឡាដ៏មានសក្តានុពល ហើយក៏ជាការសម្រេចបានមួយជំហានទៀត នៃផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធគុនខ្មែរ ក្នុងការពង្រីកវិសាលភាព និងឥទ្ធិពលរបស់គុនខ្មែរនៅលើឆាកអន្តរជាតិ។

លោកថា «សហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធគុនខ្មែរជាតិ មិនត្រឹមតែមានគោលបំណងរៀបចំព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងជំរុញការកសាងមូលដ្ឋានរឹងមាំសម្រាប់គុនខ្មែរ តាមរយៈការបង្កើតអង្គការចាត់តាំងគុនខ្មែរនៅបរទេស ការបង្កើតសមាគម និងក្លិបគុនខ្មែរ ក៏ដូចជាការបង្កើតសហព័ន្ធគុនខ្មែរប្រចាំប្រទេស និងប្រចាំទ្វីប ដើម្បីឲ្យគុនខ្មែរមានរចនាសម្ព័ន្ធដឹកនាំ សកម្មភាពហ្វឹកហាត់ និងកម្មវិធីប្រកួតនៅក្រៅប្រទេស ប្រកបដោយស្តង់ដារ និងនិរន្តរភាព»

«នេះជាចក្ខុវិស័យរយៈពេលវែង ដែលយើងកំពុងអនុវត្តជាបន្តបន្ទាប់ ដើម្បីពង្រឹងការទទួលស្គាល់គុនខ្មែរនៅលើពិភពលោក និងឆ្ពោះទៅសម្រេចគោលដៅដ៏ធំបំផុត គឺការជំរុញឲ្យគុនខ្មែរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលជាសមាជិកនៃចលនាអូឡាំពិកអន្តរជាតិ និងឈានទៅរកការបញ្ចូលជាប្រភេទកីឡាក្នុងការប្រកួតអូឡាំពិកនាពេលអនាគត»

លោក ខូវ ឆាយ បន្ថែមសម្រាប់បេសកកម្មប្រកួតគុនខ្មែរ នៅទីក្រុងស៊ីដនីនាសប្ដាហ៍ក្រោយ នឹងមានកីឡាករ-កីឡាការិនីឆ្នើមៗកម្ពុជា ៦រូប ចេញទៅប្រកួតក្រោមការរៀបចំ និងច្បាប់ប្រដាល់គុនខ្មែរ ក្នុងនោះមានអត្តពលិក ៤រូប ត្រូវប្រកួតការពារ និងដណ្ដើមខ្សែក្រវាត់រួមមាន ក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវជួបកីឡាករ Phonlakit Chompram និងកីឡាករ បឺត សង្ឃឹម ត្រូវជួបកីឡាករ Sulaiman Hashemi ដើម្បីការពារខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមដូចគ្នា។ ចំណែកកីឡាករ ពេជ្រ អាទិទេព ត្រូវជួបកីឡាករ Ali Nazari ការពារខ្សែក្រវាត់ទម្ងន់ ៥៨គីឡូក្រាម និងកីឡាការិនី ទូច ចាន់វត្តី ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាម ទល់នឹងកីឡាការិនី Fleur Waru៕