ធនាគារ «ខេប៊ីប្រាសាក់» ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក
10-07-2026 10:23
(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខ ដែលប្ដេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃ ប្រកបដោយភាពងាយស្រួលនិងរលូន បានទទួលជាផ្លូវការនូវអាជ្ញាបណ្ណផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកពីនិយ័តករបរធនបាលកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់អាជ្ញាបណ្ណនេះ ធ្វើឡើងបន្ទាប់ពីការអនុលោម តាមយ៉ាងពេញលេញរបស់ធនាគារ តាមការតម្រូវយ៉ាងម៉ឺងម៉ាត់របស់ច្បាប់ និងបទប្បញ្ញត្តិស្តីពីបរធនបាលកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក» (Retention or Escrow Services) នាពេលឆាប់ៗខាងមុខនេះ។ តាមរយៈសេវាថ្មីដែលទទួលបានអាជ្ញាបណ្ណនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងកាត់បន្ថយក្តីបារម្ភ ក្នុងប្រតិបត្តិការរវាងអ្នកទិញ និងអ្នកលក់ ដោយផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់។ សេវានេះនឹងជួយការពារអ្នកទិញអចលនទ្រព្យ ពីហានិភ័យនៃការក្លែងបន្លំបណ្ណកម្មសិទ្ធិ និងការពារអ្នកលក់ពីហានិភ័យ នៃការមិនបំពេញកាតព្វកិច្ចទូទាត់ប្រាក់របស់អ្នកទិញ។
ក្រោមក្របខណ្ឌច្បាប់នេះ ធនាគារ ខេប៊ីប្រាសាក់ នឹងដើរតួនាទីជាភាគីទីបីដែលមានភាពឯករាជ្យ និងអព្យាក្រឹត ក្នុងការរក្សាទុកប្រាក់ដោយសុវត្ថិភាព។ ធនាគារនឹងរក្សាទុកប្រាក់របស់អ្នកទិញ ហើយនឹងផ្ទេរទៅឱ្យអ្នកលក់ លុះត្រាតែលក្ខខណ្ឌទាំងអស់ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងលក់-ទិញ ត្រូវបានផ្ទៀងផ្ទាត់ បញ្ជាក់ដោយឯករាជ្យ។
ស្របពេលដែលកម្ពុជា កំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ជាមួយប្រព័ន្ធហិរញ្ញវត្ថុសកល ធនាគារ ខេប៊ីប្រាសាក់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍដំណោះស្រាយ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ដែលងាយស្រួលប្រើប្រាស់ និងពង្រឹងសមត្ថភាពផ្តល់សេវាដល់អតិថិជនសាជីវកម្ម។ ការដាក់ឱ្យដំណើរការយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យសេវារក្សាទុករបស់ធនាគារ ក្លាយជាស្តង់ដារគំរូសម្រាប់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យ ក្នុងទីផ្សារបន្ទាប់បន្សំ (Secondary Property Market) និងការផ្ទេរកម្មសិទ្ធិភាគហ៊ុនរបស់សហគ្រាសធុនតូច និងមធ្យម ទូទាំងប្រទេស៕




