ក្រុមហ៊ុន Tencent កំពុងចរចាក្លាយជាភាគហ៊ុនិកធំជាងគេរបស់ក្រុមហ៊ុន AI ដំបូង Manus ក្រោយចិនបង្ខំឱ្យ Meta ដកខ្លួន
10-07-2026 11:22
(បរទេស)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយផ្អែកលើរបាយការណ៍ពី Financial Times បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings កំពុងស្ថិតក្នុងកិច្ចចរចាដើម្បីក្លាយជាភាគហ៊ុនិកធំជាងគេនៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ដំបូង (Start-up) ឈ្មោះ Manus។ ការចរចានេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញបញ្ជាឱ្យក្រុមហ៊ុនអាមេរិក Meta Platforms បោះបង់ និងលុបចោលកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Manus ក្នុងតម្លៃ ២ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ។
ប្រភពពីផ្ទៃក្នុងបានទម្លាយថា ក្រុមអ្នកវិនិយោគដំបូងៗរបស់ចិន រួមមានក្រុមហ៊ុន Tencent, Sequoia China (បច្ចុប្បន្ន HSG) និង ZhenFund កំពុងរៀបចំផែនការរួមគ្នាក្នុងទំហំទឹកប្រាក់ដ៏ច្រើនដើម្បីទិញក្រុមហ៊ុន Manus ត្រឡប់មកវិញពីក្រុមហ៊ុន Meta។ នៅក្នុងដំណើរការទិញត្រឡប់នេះ ក្រុមហ៊ុន Tencent ត្រូវបានគេរាយការណ៍ថា មានបំណងបង្កើនចំណែកភាគហ៊ុនរបស់ខ្លួន ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់។ ក្រុមហ៊ុន Manus ដែលជាអ្នកអភិវឌ្ឍន៍ភ្នាក់ងារ AI (AI Agents) មានសមត្ថភាពបំពេញការងារស្វ័យប្រវត្តតាមបញ្ជាមនុស្ស បានប្តូរទីស្នាក់ការកណ្តាលទៅកាន់ប្រទេសសិង្ហបុរី និងត្រូវបានទិញយកដោយ Meta កាលពីចុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកែទម្រង់របស់ចិន (NDRC) បានសម្រេចហាមឃាត់ការវិនិយោគពីបរទេសលើក្រុមហ៊ុន Manus នេះ ដោយសារការរឹតបន្តឹងលើការផ្ទេរបច្ចេកវិទ្យា AI កម្រិតខ្ពស់ទៅឱ្យក្រុមហ៊ុនអាមេរិក ដែលបង្ខំឱ្យ Meta ត្រូវលុបចោលកិច្ចព្រមព្រៀងនេះវិញ។
ទោះបីជា ជួបប្រទះនឹងឧបសគ្គផ្នែកបទប្បញ្ញត្តិក៏ដោយ ក្រុមហ៊ុន Manus បានបង្ហាញពីកំណើនចំណូលគួរឱ្យកត់សម្គាល់។ តាមរបាយការណ៍ ចំណូលប្រចាំឆ្នាំ (Annualized Revenue Run Rate) របស់ក្រុមហ៊ុននេះបានហក់ឡើងដល់ចន្លោះពី ៤០០ លាន ទៅ ៥០០ លានដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលកើនឡើងយ៉ាងខ្លាំងធៀបនឹងទំហំ ១០០ លានដុល្លារ កាលពីពេលដែល Meta ប្រកាសទិញដំបូង៕











