គណៈកម្មការម៉ារ៉ាតុង ប្រកាសផ្ដល់មេដាយអនុស្សាវរីយ៍ជូនអត្តពលិកជាតិ-អន្ដរជាតិ ក្រោយខកខានផ្ដល់ជូនកាលពីខែមុន
10-07-2026 11:41
(ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី១៤ បានជូនដំណឹងដល់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ មកទទួលមេដាយអនុស្សាវរីយ៍ ដែលបានខកខានផ្ដល់ជូនភ្លាមៗ កំឡុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំខាងលើបានឲ្យដឹងថា ការផ្ដល់មេដាយអនុស្សាវរីយ៍នេះ មានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៩-១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះសម្រាប់អ្នករត់នៅរាជធានីភ្នំពេញ អាចមកទទួលនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ចំពោះអ្នករត់នៅតាមបណ្តាខេត្ត និងនៅក្រៅប្រទេស គណៈកម្មការរៀបចំ នឹងផ្ញើជូនតាមរយ:ភ្នាក់ងារដឹកជញ្ជូន ឬតាមប្រៃសណីយ៍កម្ពុជា។ កីឡាករ-កីឡាការិនីទាំងអស់ ដែលមកយកមេដាយ ត្រូវភ្ជាប់ជាមួយនូវស្លាកលេខ (Bib Number)។
ទន្ទឹមជាមួយការប្រកាសផ្ដល់មេដាយអនុស្សាវរីយ៍ខាងលើ គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ក៏បានសូមការអភ័យទោសជាថ្មី ចំពោះឧប្បត្តិហេតុ ដែលបានកើតឡើងបណ្ដាលមកពីការដឹកជញ្ជូនពីក្រៅប្រទេស។
គួររម្លឹកថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ មានអត្តពលិកប្រមាណជិត ៦ពាន់នាក់ចូលរួម មកពីជាង ៤០ប្រទេស ប៉ុន្ដែដោយសារការជាប់គាំងមេដាយអនុស្សាវរីយ៍នៅច្រកព្រំដែន បានធ្វើឲ្យខកខានការផ្ដល់មេដាយអនុស្សាវរីយ៍ភ្លាមៗ បន្ទាប់ពីការរត់ដល់ទី រហូតដល់ពេលនេះ ទើបគណៈកម្មការបានរៀបចំផ្ដល់ជូន ក្រោយមេដាយអនុស្សាវរីយ៍ទាំងអស់នោះបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ៕






