ផ្លូវការ! លីគកំពូលកម្ពុជា រដូវកាលថ្មី រក្សាបេក្ខភាពប្រកួតប្រជែង ១១ក្លិបដដែល

10-07-2026 14:14

(ភ្នំពេញ)៖ បន្ទាប់ពីដាក់ចំណោទ នាំឲ្យផ្ទុះការជជែកវែកញែករហូតមានការដាក់ការសង្ស័យលីគកំពូលកម្ពុជា រដូវកាលថ្មី អាចនឹងមានការថមថយក្រុមចូលរួមរួចមក នៅថ្ងៃទី១០ ខែកក្កដានេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានបង្ហាញបេក្ខភាពត្រូវចូលរួមប្រកួតប្រជែង ក្នុងរដូវកាលឆ្នាំ២០២៦/២៧ ជាផ្លូវការហើយ ដោយរក្សាបេក្ខភាពចំនួន ១១ក្លិបដដែល។

គ្មានការផ្លាស់ប្ដូរ គ្មានកើនឡើង ឬក៏ថមថយ តែ ១១ក្លិប ដែលត្រៀមប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ខាងមុខ រួមមានក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត, ណាហ្គាវើលដ៏, អង្គរថាយហ្គឺរ, អឹមអូអាយ កំពង់ដេវ៉ា, វិសាខា, កងយោធពលខេមរភូមិន្ទ, គិរីវង់សុខសែនជ័យ, ឡាយហ្វខេត្តព្រះសីហនុ និងក្រុមបាតតារាង ISI ដង្កោសែនជ័យ។

ទន្ទឹមជាមួយការបង្ហាញបេក្ខភាពត្រៀមប្រកួតលីគរដូវកាលថ្មីនេះដែរ ក្រឡេកទៅចាប់អារម្មណ៍ក្លិបនីមួយៗ មានក្លិបខ្លះ កំពុងធ្វើការរុះរើកីឡាករ និងក្រុមការងារគួរឲ្យកត់សម្គាល់ ដើម្បីពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង និងត្រៀមប្រកួតប្រជែងជើងឯក ស្របពេលក្រុមមួយចំនួនហាក់នៅស្ងប់ស្ងាត់ ក្រោយលីគរដូវកាលចាស់បានបញ្ចប់ជិត ២ខែទៅហើយក្ដី។

ចំពោះទីផ្សារដោះដូរកីឡាករជាតិ និងអន្ដរជាតិលើកទី១ ត្រូវបានបើកចាប់ពីថ្ងៃទី០៦ ខែកក្កដា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕