បវរកញ្ញាកម្ពុជានឹងចូលរួមប្រកួតលំដាប់អន្តរជាតិនៅជប៉ុន នាចុងឆ្នាំ២០២៦ខាងមុខនេះ, ឧកញ៉ា ចិន សំណាង រៀបចំកម្មវិធីបំពាក់ម្កុដ និងឈៀងផ្លូវការយ៉ាងអធិកអធម
10-07-2026 15:07
(ភ្នំពេញ)៖ រាត្រីដ៏មានអត្ថន័យនៃពិធីបំពាក់ម្កុដ និងឈៀងផ្លូវការជូនកញ្ញា សុគា គីមលាង ហៅ កូនអាន ជា «Miss International Cambodia 2026» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមជាទីបំផុត ក្រោមអធិបតីភាព លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត, លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមនសិល្បករខ្មែរ, ឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ និងស្ថាបនិក CSNJ Academy, លោកស្រី សុខ គុយអ៊ីម, Mr. STEPHEN DIAZ Miss International Executive Director / Professor at the Professional University of Beauty & Wellness និង Catalina Duque Abréu (កាតាលីណា ឌូអ៊ែល អាប្លូល) ។ ពិធីនេះធ្វើឡើង កាលពីរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside Hotel។
អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះកញ្ញា សុគា គឹមលាង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្ហាញពីទេពកោសល្យ ភាពជឿជាក់ និងគុណតម្លៃដ៏ល្អប្រពៃ រហូតទទួលបានទំនុកចិត្តក្លាយជាតំណាងប្រទេសកម្ពុជា។
អ្នកឧកញ៉ាប្រធានសមាគម បានសង្កត់ធ្ងន់ថា ការបំពាក់ម្កុដនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់តួនាទី និងកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការប្រគល់ទំនួលខុសត្រូវដ៍ធំធេង ក្នុងនាមសិល្បៈការិនីតំណាងឱ្យជាតិ វប្បធម៌ អត្តសញ្ញាណ និងភាពថ្លៃថ្នូររបស់ស្ត្រីកម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រីប្រធានសមាគមសិល្បៈករខ្មែរ បានវាយតម្លៃខ្ពស់ និងការសរសើរចំពោះគណៈកម្មការរៀបចំកម្មវិធី ក្រុមការងារ ដៃគូសហការ ម្ចាស់ឧបត្ថម្ភ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះ ដែលធ្វើឱ្យកម្មវិធីនេះមានគុណភាព និងប្រកបដោយវិជ្ជាជីវៈ ដើម្បីជាការលើកកម្ពស់ដល់វិស័យសិល្បៈវប្បធម៌ផ្នែកបវរកញ្ញាឱ្យកាន់តែមានសក្តានុពល និងទទួលបាននូវការទទួលស្គាល់នៅលើឆាកអន្តរជាតិ។
លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានផ្តាំផ្ញើដល់កញ្ញា សុគា គីមលាង ដែលបានមកទទួលរង្វាន់នាពេលរាត្រីនេះ ត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឲ្យខិតខំថែរក្សាសុខភាព និងនាំយកភាពជោគជ័យពីប្រទេសជប៉ុនត្រឡប់ មកប្រទេសកម្ពុជាវិញ។
ទន្ទឹមនឹងនោះ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានប្រសិទ្ធពរជ័យដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលវត្តមាននៅក្នុងកម្មវិធីនេះ ឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ប្រការ និងធ្វើដំណើរជិតឆ្ងាយជួបតែសុខសុវត្ថិភាព។ លោកស្រីក៏បានជូនពរឲ្យការធ្វើដំណើររបស់កញ្ញា សុខគា គីមលាង ទទួលបាននូវសុខសុវត្ថិភាព ទាំងពេលទៅ និងពេលមកវិញ។
ឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ Co., Ltd និងស្ថាបនិក CSNJ Academy និងជា National Director Miss International Cambodia បានថ្លែងថា នេះជាលើកដំបូងបង្អស់ដែល CSNJ បានរៀបចំពិធីបំពាក់ម្កុដ និងឈៀងផ្លូវការជូន កញ្ញា សុគា គីមលាង ហៅ កូនអាន ជា Miss International Cambodia 2026។ លើសពិធីបំពាក់ម្កុដ ប៉ុន្តែនេះជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ស្ត្រីកម្ពុជាម្នាក់ ដែលនឹងក្លាយជាតំណាងផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងពិធីប្រកួតបវរកញ្ញាអន្តរជាតិនាខែ១១ចុងឆ្នាំនេះ នៅឯប្រទេសជប៉ុន។
ឧកញ៉ា ចិន សំណាង បន្តថា ម្កុដដែល កញ្ញា សុគា គីមលាង គឺជានិមិត្តរូបនៃកិត្តិយស ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងបេសកកម្មក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណ និងសម្រស់ដ៏វិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលរចនាច្នៃឡើងយ៉ាងប្រណីត ប្រកបដោយភាពច្នៃប្រតិដ្ឋខ្ពស់ និងការយកចិត្តទុកដាក់ពីហាងមាសពេជ្រ CSNJ Co., Ltd។
ឧកញ៉ា ចិន សំណាង បន្តបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍ដ៏ឱឡារិកនៃពិធីបំពាក់ម្កុដ និងឈៀងនេះ មានការផ្សារភ្ជាប់មរតកវប្បធម៌ និងសិល្បៈបុរាណខ្មែរដ៏ល្អឯកគ្មានពីរ បង្ហាញពីភាពអច្ឆរិយៈ និងភាពរស់រវើកនៃទម្រង់ សិល្បៈបុរាណខ្មែរ រួមទាំងស្បៃខ្មែរដ៏ល្អវិចិត្រ និងផ្ទាំងទស្សនីយភាព «ក្សត្រីនៃមហានគរ» ដែលបាននាំអារម្មណ៍អ្នកទស្សនាធ្វើដំណើរឆ្លងកាត់សោភ័ណភាពនៃអរិយធម៌អង្គរ ភាពរុងរឿងនៃចក្រភពខ្មែរ និងសម្រស់ដ៏ស្រស់ត្រកាល នៃនារីខ្មែរ តាមរយៈការសម្តែងសិល្បៈដ៏អស្ចារ្យ និងការដើរបង្ហាញម៉ូដ ឈុតស្បៃខ្មែរ ដែលបានច្នៃប្រឌិតយ៉ាងប្រណិតដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ដួងព្រលឹង និងមរតកវប្បធម៌ ដ៏ថ្លៃថ្លា។
ជាមួយគ្នានេះកញ្ញា សុគា គីមលាង ហៅ កូនអាន បានថ្លែងថា រូបសម្រស់ និងភាពស្រស់ស្អាតខាងក្រៅ គឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែជាសមត្ថភាព និងសិលធម៌ល្អ ខណៈដែលកញ្ញានឹងបង្ហាញទៅកាន់អន្តរជាតិឲ្យយល់ ស្គាល់ពីវប្បធម៍របស់កម្ពុជាឲ្យកាន់តែទូលំទូលាយ ជាមួយនឹងការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យលាភីបវរកញ្ញាលំដាប់ពិភពលោកមកជូនមាតុប្រទេសកម្ពុជាយើង៕





